ខ្សែការពារស្លាប Luke Shaw បានចូលលេងវិញហើយ បន្ទាប់ពីអវត្តមាន១០ខែ ដោយសារតែរងរបួសបាក់ជើងតាំងពីដើមរដូវកាលមុនមក។ ខណៈដែលការបង្ហាញវត្តមានឱ្យ Manchester United ជាថ្មីនេះ គឺត្រូវចិត្តរបស់លោក Jose Mourinho ខ្លាំងតែម្ដង។
ក្រុមបិសាចក្រហម Man Utd បានធ្វើការប្រកួតមិត្តភាពឈ្នះក្រុម Wigan ដោយលទ្ធផល ២-០ កាលពីល្ងាចម្សិលមិញនេះ។ ក្នុងការប្រកួតនេះដែរ កីឡាករចំណូលថ្មីនិងយុវជនជាច្រើននាក់ មានឱកាសបង្ហាញសមត្ថភាពតួយ៉ាងដូចជា Henrikh Mkhitaryan និង Eric Bailly ជាដើម។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្របិសាចក្រហមសប្បាយចិត្តថែមទៀត គឺការបង្ហាញខ្លួនជាថ្មីរបស់ Luke Shaw ដែលបានកាត់មុខអស់រយៈពេលជាយូរ។
Shaw បានចូលលេង ក្រោមការយកចិត្តទុកដាក់ជាខ្លាំងរបស់ Mourinho ហើយទម្រង់លេងរបស់គេក៏មិនមានអ្វីប្រែប្រួលខ្លាំងដែរ ពោលគឺទទួលបានការសរសើរពីអ្នកចាត់ការ បើទោះជាធ្លាប់រងរបួសដល់បាក់ជើងក៏ដោយ។
លោក Mourinho បាននិយាយថា៖ “ខ្ញុំមើលគាត់លេង គាត់លេងល្អ។ គាត់ដូចជាមិនមានឈឺចាប់អ្វីទេ ចំពោះរបួសជើងរបស់គាត់ ហើយក៏អាចផ្លាស់ទីបានល្អដែរ។ ខ្ញុំសង្ឃឹមថាគាត់នឹងអាចជួយក្រុមបានច្រើនរដូវកាលថ្មីខាងមុខនេះ”។
ការប្រកួតកាលពីម្សិលមិញនេះ មិនមានវត្តមានរបស់ Zlatan នោះទេ ដោយសារតែរូបគេនៅលំហែកាយនៅឡើយ ព្រោះអតីតអ្នកចាត់ការក្រុម Chelsea ខាងលើបានអនុញ្ញាតឱ្យខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតសម្រាកសិន៕
មតិយោបល់