រឿងដែល Pual Pogba នឹងត្រឡប់ទៅលេងនៅក្លឹប Manchester United វិញ កាន់តែជិតបានសម្រេចមែនទែនហើយ ក្រោយពីមានដំណឹងថាក្លឹបនិងកីឡាករព្រមព្រៀងគ្នារួចហើយ នៅឡើយតែតម្លៃខ្លួន Juventus ចង់បានប៉ុណ្ណោះ។
ក្លឹប Man Utd នឹងត្រូវចំណាយប្រាក់បំបែកកំណត់ត្រាពិភពលោក ដើម្បីបានអតីតយុវជនរបស់ខ្លួនត្រលប់មកអង់គ្លេសវិញ ខណៈដែលការស្នើទៅ Juventus ដំបូងក្នុងតម្លៃខ្លួន៨៦លានផោន ត្រូវបានច្រានចោលហើយ។ ត្បិតតែការស្នើតម្លៃខ្លួនលើកដំបូងត្រូវច្រានចោល ប៉ុន្តែសារព៌ត័មានជាច្រើនបានចុះផ្សាយថាកីឡាករ Pogba បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុមរបស់លោក Jose Mourinho រួចរាល់បាត់ទៅហើយ។
ដោយលក្ខខណ្ឌផ្ទាល់ខ្លួននោះ គឺកីឡាករវ័យ២៣ឆ្នាំរូបនេះនឹងទទួលបានប្រាក់ប្រចាំសប្ដាហ៍រហូតដល់ទៅ ២២០ ០០០ផោនឯណោះ បួករួមជាមួយនិងប្រាក់រង្វាន់ផ្សេងៗទៀតជាច្រើន ប្រសិនបើរូបគេអាចជួយក្រុមឈ្នះពានរង្វាន់បាន។
Pogba ជាកីឡាករដែលដុះចេញពីថ្នាលយុវជនរបស់ក្លឹប Man Utd ប៉ុន្តែកាលពីឆ្នាំ២០១២ ក្លឹបក៏បានសម្រេចចិត្តឱ្យរូបគេទៅលេងនៅ Juventus ដោយគ្រានោះមិនមានតម្លៃខ្លួននោះទេ។ ខណៈដែលការត្រលប់មកវិញ ដោយតម្លៃខ្លួនជិត១០០លានផោននេះ នឹងធ្វើឱ្យរូបគេក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់បំផុតនៅលើលោកនេះ៕
មតិយោបល់