Demba Ba បានរងរបួសបាក់ជើង២កំណាត់អំឡុងពេលប្រកួតនៅលីគកំពូលចិន Chinese Super League ដែលធ្វើឱ្យរូបគេត្រូវសម្រាកនៅមន្ទីរពេទ្យជាច្រើនខែទើបអាចបាន។
ត្បិតតែមនុស្សគ្រប់គ្នាគិតថារបួសនេះ អាចនឹងធ្វើឱ្យខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះត្រូវចូលនិវត្តន៍មែន ប៉ុន្តែសាមីខ្លួនបានចេញមកអះអាងថារូបគេនឹងប្រឹងប្រែងត្រលប់ឱ្យដូចដើមវិញឆាប់បំផុតតាមតែអាចធ្វើទៅបាន ហើយរឿងចូលនិវត្តន៍គឺប្រហែលមិនអាចនោះទេ។
Ba បាននិយាយទាំងអូលដើមកឆ្លើយសំនួរអ្នកកាសែតចិនថា៖ “នេះជារបួសអាក្រក់បំផុត ប៉ុន្តែខ្ញុំដឹងថាខ្ញុំអាចយកឈ្នះវាបាន។ ខ្ញុំមិនព្រមបញ្ចប់ត្រឹមនេះទេ ខ្ញុំនឹងនៅបន្ដទៀត នេះជាអ្វីដែលខ្ញុំចង់និយាយ។ ពេទ្យមិនទាន់វះកាត់សម្រេច១០០%ទេ ប៉ុន្តែខ្ញុំបានប្រាប់ពួកគេថាខ្ញុំចង់ទៅពេទ្យនៅអឺរ៉ុប។ ខ្ញុំចង់ទៅពេទ្យនៅបារាំង ហើយខ្ញុំក៏បាននិយាយជាមួយពេទ្យនៅទីនោះរួចហើយដែរ ពួកគេរង់ចាំវះកាត់ឱ្យខ្ញុំ”។
អតីតកីឡាកររបស់ Chelsea ខាងលើនេះ កំពុងតែជួយក្រុម Shanghai Shenhua បានច្រើនមែនទែនរដូវកាលនេះក្នុងការប្រកួតបានរង្វាន់លីគកំពូលចិន ដោយរូបគេចូលលេងបានតែ១៨ប្រកួត រកបាន១៤គ្រាប់។ កីឡាករសញ្ជាតិបារាំងរូបនេះ ធ្លាប់លេងនៅក្លឹបធំៗជាច្រើនដូចជា West Ham , Newcastle United និង Chelsea ជាដើម មុនពេលផ្លាស់មកលេងនៅចិននេះ៕

មតិយោបល់