អ្នកប្រដាល់កម្ពុជា ផាន់ គ្រាន់ និង សុខ ទូច នឹងបង្ហាញខ្លួនលើសង្វៀន Thai Fight នាល្ងាចថ្ងៃស្អែកតទល់ជើងខ្លាំងថៃ២រូប គឺ SIAYORK និង TENGNUENG ។
ជំនួបទាំង២នេះត្រូវបានគេមើលឃើញថា ថៃមានប្រៀបជាងខ្លាំង ត្បិត គឺ SIAYORK និង TENGNUENG សុទ្ធតែមានកម្រិតបច្ចេកទេស និងភាពរឹងមាំជាងកម្ពុជា។ មជ្ឍដ្ឋានអ្នកគាំទ្របានយល់ឃើញផ្សេងគ្នាចំពោះរឿងនេះ ដោយឡែក Post Sport សូមបង្ហាញការយល់ឃើញផ្ទាល់ខ្លួនដូចខាងក្រោម៖
- Thai Fight បានផ្អាកប្រកួតកាលខែមុន ទើបការវិលមកជាថ្មីនេះ អ្នករៀបចំត្រូវបង្កើតការសប្បាយរីករាយ ជាមួយលទ្ធផលដ៏គាប់ប្រសើរដើម្បីទាក់ទាញការគាំទ្រ។ ដូច្នេះហើយ គេត្រូវរកអ្នកដែលមានកម្រិតទាបជាងគេបន្តិចទៅវាយ ទើបស្រួលឈ្នះ។
- ឈ្មោះកម្មវិធីគឺ “ Proud to be Thai ” ដូច្នេះត្រូវឲ្យថៃខ្លាំង ដើម្បីបង្ហាញកិត្យានុភាពឲ្យសមនឹងឈ្មោះ។ តាមមើលការប្រកាសក៏ដឹងដែរ គឺកីឡាករកម្ពុជាទាំង២ទំនងទៅទាំងតក់ក្រហល់ គឺប្រកាសមុនតែ២ថ្ងៃប៉ុណ្ណោះ ដើម្បីកុំឲ្យដកខ្លួនបាន។ ដូច្នេះហើយទាំងកម្ពុជា និងបរទេសទាំងអស់ ទំនងយកទៅដើម្បីតែចាញ់។ និយាយភាសាស្រួលស្តាប់គឺ យកទៅស៊ី។
យ៉ាងណាក្តី នេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ ដោយទឹកចិត្តស្រលាញ់និងបទពិសោធន៍បន្តិចបន្តួច។ Post Sport ជឿថា រាល់ការចេញទៅវាយក្រៅប្រទេស តំណាងជាតិបែបនេះ សហព័ន្ធប្រដាល់កម្ពុជា បានពិនិត្យច្បាស់លាស់ ដោយបច្ចេកទេស និងជំនាញត្រឹមត្រូវរួចហើយ។ Post Sport សូមជូនពរកីឡាករទាំងពីរជោគជ័យសម្រាប់ប្រកួតថ្ងៃស្អែក។
មតិយោបល់