Chelsea កំពុងតែតាមប្រម៉ាញ់ខ្សែបម្រើប្រយុទ្ធ James Rodriguez របស់ Real Madrid ដោយបានដាក់សំណើរដល់ទៅ៦៥លានផោន ដើម្បីផ្ដាច់កុងត្រានៅសល់។
បើតាមកាសែត Marca របស់អេស្ប៉ាញបានចុះផ្សាយថារដូវកាលរបស់ James នៅ Real Madrid អាចនឹងអស់ត្រឹមនេះហើយ បន្ទាប់ពីខាងក្លឹប Chelsea បានដាក់តម្លៃខ្លួនដល់ទៅ៦៥លានផោន ដែលធ្វើឱ្យអធិរាជសមិនអាចប្រកែកបាន។ ខណៈដែលកីឡាកររូបនេះ ក្រោមការដឹកនាំរបស់លោក Zidane ហាក់មិនបានចូលជម្រើស១១នាក់ដំបូងនោះទេ។
Chelsea ដែលត្រូវបានគេដឹងថាសល់ប្រាក់ជាង១០០លានផោន ដើម្បីទិញកីឡាករថ្មីបន្ថែមនោះ ហាក់ពេញចិត្ត James តាំងពីដំបូងមកម្ល៉េះ ដោយធ្លាប់ដាក់តម្លៃខ្លួនម្ដងមកហើយ ប៉ុន្តែត្រូវសាមីខ្លួនជាអ្នកប្រកែកមិនព្រមចេញពីអេស្ប៉ាញ។ ស្របពេលនេះវិញ អ្វីៗអាចនឹងប្រែប្រួល ដោយសារតែលោក Conte ដាក់សំណើរជាថ្មី ដែលធ្វើឱ្យ Real Madrid មិនអាចប្រកែកថាទេបាន។
ខ្សែប្រយុទ្ធសញ្ជាតិកូឡំប៊ីខាងលើ ទើបតែចូលលេងឱ្យ Real Madrid បាន២រដូវកាលទេ ដោយរដូវកាលដំបូងរបស់គេរកបាន១៧គ្រាប់ក្នុងការបង្ហាញខ្លួន៤៦ប្រកួត ខណៈដែលរដូវកាលមុននេះ រកបានតែ៨គ្រាប់ទេ ក្នុងការបង្ហាញខ្លួន៣២ប្រកួត៕
មតិយោបល់