ព័ត៌មានកីឡា

ប្រុសស្អាត Chappuis ចូលលេងឱ្យជម្រើសជាតិថៃបានវិញហើយ

ខ្សែបម្រើ Charyl Chappuis ដែលមានរបួសខកខានចូលទីលានប្រកួតអស់ពេលជាច្រើនខែមកហើយនោះ ពេលនេះបានអាចចូលលេងវិញបានធម្មតា ថែមទាំងមានឈ្មោះក្នុងបញ្ជីជម្រើសជាតិថៃ ត្រៀមប្រកួតជម្រុះវគ្គទី២ FIFA World Cup 2018 ទៀតផង។

Chappuis រងរបួសជង្គង់ ដែលត្រូវវះកាត់ ហើយរូបគេបានអវត្តមានពីទីលានអស់រយៈពេល១៨ខែមកហើយ។ កីឡាករវ័យ២៤ឆ្នាំរូបនេះ អាចចូលលេងវិញបានតាំងពីខែមេសាដើមឆ្នាំមកម្ល៉េះ ប៉ុន្តែទើបតែបានជាប់ឈ្មោះក្នុងបញ្ជីជម្រើសជាតិថៃវិញ ត្រៀមប៉ះក្រុមអារ៉ាប៊ីសាអ៊ូឌីតនៅដើមខែក្រោយនេះទេ។

លោក Kiatisuk Senamuang គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បាននិយាយថាលោកសប្បាយចិត្តនៅពេលឃើញ Chappuis អាចចូលលេងវិញបាន ហើយវាមិនមែនជារឿងប្លែកទេ ដែលលោកកោះហៅកីឡាកររូបនេះត្រលប់មកវិញ បន្ទាប់ពីរូបគេឡើងទម្រង់លេងដូចដើម។

Charyl Chappuis ជាកូនកាត់ស្វីស ដែលលេងឱ្យក្លឹបអាជីព Suphanburi ។ កីឡាកររូបនេះ ជាប់ឈុតយុវជនរបស់ស្វីសតាំងពី U15 រហូតដល់ U20 ។ ដល់ឆ្នាំ២០១៣ រូបគេក៏សម្រេចចិត្តចូលលេងឱ្យជម្រើសជាតិថៃវិញ ដោយកាលនោះក្នុងឈុត U23 ហើយក៏បានជាប់ក្នុងឈុតធំតាំងពីឆ្នាំ២០១៤កន្លងមក រហូតដល់បច្ចុប្បន្ន៕

មតិយោបល់