លោក ស៊ុម វណ្ណា គ្រូបង្គោលក្រុមវេស្ទើនភ្នំពេញ ថាក្រុមខ្លួនឹងឡើងផុតពីតំបន់កាត់ចោល នៅចុងបញ្ចប់នៃរដូវកាល ក្នុងលីគកំពូលកម្ពុជា។
គ្រូទើបកាន់តំណែងថ្មីរូបនេះបញ្ជាក់ថា កីឡាកររបស់លោកធ្វើល្អជាងមុនច្រើន ហើយ មួយចំនួនទៀតបានជាពីរបួស ទើបលោកដាក់ក្តីរំពឹងថានឹងដណ្តើមបានយ៉ាងតិច៣ពិន្ទុបន្ថែម ដើម្បីលើសគូប្រជែង អាស៊ីអឺរ៉ុប និងស៊ីម៉ាក់។
« កីឡាករខ្ញុំគេធ្វើល្អជាងមុនច្រើន ទាំងប្លង់លេងដែលខ្ញុំដាក់ឲ្យ និងឆន្ទៈចង់ឈ្នះ។ មើលទៅដូចប្រកួតជាមួយ Tiger នេះ យើងមានឱកាសនាំមុខដល់ទៅ ៣-១ ប៉ុន្តែពេលខ្លះមកពីក្រុមខ្វះទឹកចិត្ត អត់មានកីឡាករនាំលេងអីជាដើម។ សម្រាប់ខ្ញុំនៅសល់២ប្រកួតទៀត ខ្ញុំជឿថាយើងនឹងដណ្តើមបានយ៉ាងហោចណាស់៣ពិន្ទុពី ស្វាយរៀង និងស៊ីម៉ាក់។ យើងនឹងរួចពីតំបន់កាត់ចោល។ » លោកស៊ុមវណ្ណាបញ្ជាក់។
បែបនេះក្តីលោកបង្ហើមបន្ថែមថា នឹងព្យាយាមពង្រឹងក្រុមបន្ថែមដើម្បីស្រវ៉ាយក៦ពិន្ទុ ទោះដៃគូដ៏ធំមួយគឺ ព្រះខ័នរាជស្វាយរៀង កំពុងពុះកញ្ជោ្រលចង់ស្តារមុខមាត់ ក្រោយចាញ់បឹងកេត ១-០ ក្តី។
វេស្ទើន ក្រោមការដឹកនាំរបស់លោក ស៊ុម វណ្ណា ៣ប្រកួត ឈ្នះ២ ចាញ់១។ បច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់ទី៩ មាន៨ពិន្ទុ តាមពីក្រោមស៊ីម៉ាក់ដែលមាន៨ពិន្ទុដូចគ្នា តែលើសគ្រាប់បាល់ចំណេញ។
មតិយោបល់