ចាន់ វឌ្ឍានាកា ខ្សែប្រយុទ្ធលេចធ្លោប្រចាំក្លឹបបឹងកេតអង្គរ និងក្រុមជម្រើសជាតិកម្ពុជា បានបង្កើតមូលនិធិមួយឈ្មោះថា “ មូលនិធិ ចាន់ វឌ្ឍនាកា ឬ CV11 FOUNDATION ” ដើម្បីស្វែងរកថវិការផ្គត់ផ្គង់ការបង្ហាត់បាល់ទាត់ និងឧបត្ថម្ភសម្ភារៈកីឡា ដល់កុមារនៅតាមជនបទ។
តាមសំណេរលើទំព័របណ្តាញសង្គម វឌ្ឍានាកា លើកឡើងថា៖ «ខ្ញុំបានសង្កេតឃើញថាមានកុមារជាច្រើនដែលមានចិត្តស្រលាញ់និងចង់លេងបាល់ទាត់ជាពិសេសកុមារដែលរស់នៅតាមជនបទ តែពួកគេគ្មានឱកាសក្នុងការចូលរួមព្រមទាំងខ្វះខាតនូវសម្ភារៈរួមទាំងមធ្យោបាយគ្រប់បែបយ៉ាង។ ដូច្នេះខ្ញុំបានសម្រេចចិត្តនឹងបង្កើតនូវ មូលនិធិ សប្បុរសធ៌ម មួយដែលមានឈ្មោះថា «មូលនិធិ ចាន់ វឌ្ឍនាកា» ឬ CV11 FOUNDATION ក្នុងទិសដៅស្វែងរកថវិកាដើម្បីជួយដល់ក្មេងៗទាំងនោះឲ្យពួកគេមានឱកាសចូលរួមលេងបាល់ទាត់ តាមរយៈការចែកជូននូវសម្ភារៈកីឡាព្រមទាំង ចូលរួមបង្ហាត់បង្ហាញពីរបៀបលេងបាល់ទាត់ដល់ពួកគេនៅពេលទំនេរពីភារកិច្ចក្នុងក្លិបព្រមទាំងជម្រើសជាតិ។»
បន្ថែមលើនេះ កូនប្រុសអភិបាលខេត្តកំពតដដែល បានអំពាវនាវឲ្យសាធារណៈជនចូលរួមក្នុងមូលនិធិនេះ ដើម្បីបំផុសការលេងបាល់ទាត់ សម្រាប់ជាធនធានកីឡាករជម្រើសជាតិ នាពេលអនាគត។
មតិយោបល់