ក្លឹប Torino របស់អ៊ីតាលី បានបញ្ជូនយន្ដហោះផ្ទាល់ខ្លួនមកយក Joe Hart ដល់អង់គ្លេសតែម្ដង បន្ទាប់មានការចរចាគ្នាត្រូវ ដោយលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។
ការសម្រេចចិត្តចាកចេញពីអង់គ្លេសនេះដែរ គឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ Joe Hart បន្ទាប់ពីរូបគេមើលឃើញថាអនាគតនៅក្រុម Manchester City កាន់តែមិនច្បាស់ ហើយអង្គុយកៅអីបម្រុងរហូតនោះ។ ការទៅលេងនៅក្លឹប Torino របស់អ៊ីតាលីនេះដែរ អ្នកចាំទីវ័យ២៩ឆ្នាំរូបនេះ នឹងត្រូវកាត់ប្រាក់ខែជាងពាក់កណ្ដាលឯនោះ ពោលគឺពី១៣៥ ០០០ផោន ធ្លាក់មកនៅត្រឹមតែ ៥៥ ០០០ផោនប៉ុណ្ណោះ។
លោក Jonathan Barnett ភ្នាក់ងាររបស់អ្នកចាំទីដៃទីមួយរបស់អង់គ្លេសរូបនេះ បាននិយាយដូច្នេះថា៖ “គ្មានការសង្ស័យទេ Hart នឹងលេងឱ្យ Torino នៅរដូវកាលនេះ ព្រោះអ្វីគ្រប់យ៉ាងបានបញ្ចប់ហើយ។ កីឡាករបាននិយាយយល់ព្រម ហើយក្លឹប Man City ក៏អនុញ្ញាតដូចគ្នា។ ស្អែក Hart នឹងទៅពិនិត្យសុខភាព”។
ក្រោមការដឹកនាំរបស់លោក Pep Guardiola អ្នកចាំទី Joe Hart បានធ្លាក់ដល់ដៃទី២ឯណោះ បន្ទាប់អ្នកចាត់ការរូបនេះទិញClaudio Bravo ពី Barcelona មកបាន៕
មតិយោបល់