លោក Ohara Kazunori គ្រូបង្វឹកក្រុម U19 កម្ពុជា បានបង្ហាញក្តីខកចិត្តខ្លះដែលពុំអាចទម្លាយសំណាញ់ទីឡាវបានលើសពី៣គ្រាប់ ប៉ុន្តែបានសរសើរថាកូនក្រុមខ្លួន ធ្វើបានល្អសម្រាប់ប្រកួតកាលពីម្សិលមិញ នៅទីក្រុងហាណូយប្រទេសវៀតណាម។
ថ្លែងប្រាប់ Post News គ្រូបង្គោលរូបនេះលើកឡើងថា កម្ពុជា មានឱកាសទាត់បញ្ចូលទីជាច្រើន តែធ្វើមិនបានសម្រេច។ យ៉ាងណាក្តីលោកថា កូនក្រុមខ្លួនក៏ប្រឹងអស់ពីសមត្ថភាព ហើយដាក់សម្ពាធឡាវបានច្រើន។
« យើងមានឱកាសច្រើន នៅមុខទីដែលមិនគួរភ្លាត់ តែកូនក្រុមខ្ញុំបណ្តោយឲ្យដៃគូមករំខានបាន។ ប៉ុន្តែក្រោយមក ពួកគេអាចកែប្រែស្ថានការណ៍បាន ដោយលេងយល់ចិត្តគ្នាជាងមុន ហើយដាក់សម្ពាធឲ្យដៃគូរហូតរកបានដល់ទៅ៣គ្រាប់។ ពួកគេពិតជាធ្វើបានល្អមែនទែនសម្រាប់ប្រកួតនេះ។» សម្តីលោក Ohara ។
សេត រ៉ូស៊ីប បានបើកការនាំមុខឲ្យកម្ពុជា ១-០ ត្រឹមនាទីទី៤០។ ក្រោយមកនាទីទី ៨៦ ទើប ឡុង ភារ៉ាត់ បន្ថែមបាន១គ្រាប់ទៀត មុនពេល គន្ធា រ៉ាវ៉ាន់ ប៉ែងបញ្ជូលទីបាន១គ្រាប់ទៀត នៅនាទី ៩០+២។
៣ពិន្ទុក្នុងជំនួបទី២នេះ បានជួយឲ្យកម្ពុជាហក់ទៅចំណាត់ថ្នាក់ទី៣ក្នុងពូលបណ្តោះអាសន្ន តាមពីក្រោម ថៃ និង អូស្រ្តាលី ដែលមាន៦ពិន្ទុពេញ។ ចំណែក លេខ៣ មីយ៉ាន់ម៉ា មាន៣ពិន្ទុដូចគ្នា ឯ ឥណ្ឌូនេស៊ី និង ឡាវ ពុំទាន់មានពិន្ទុនៅឡើយ។
មតិយោបល់