លោក Ohara Kazunori រំពឹងថានឹងរកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា ក្នុងជំនួបបង្គ្រប់កិច្ចតទល់ ឥណ្ឌូនេស៊ី ម៉ោង៧ល្ងាចនេះ នៅទីលានហ្វឹកហាត់សាលាបាល់ទាត់ជាតិវៀតណាម។
ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Post News នាយកបច្ចេកទេស សបក រូបនេះថ្លែងថា លោកនឹងប្រឹងរៀបចំក្រុមឡើងវិញ ដើម្បីស្តារមុខមាត់ក្រោយចាញ់មីយ៉ាន់ម៉ា ដើម្បីស្វែងរកជ័យជម្នះឲ្យអ្នកគាំទ្រកម្ពុជា។
« ខ្ញុំសុំទោសដែលក្រុមចាញ់មីយ៉ាន់ម៉ា ដល់ទៅ៣គ្រាប់ ប៉ុន្តែជំនួបចុងក្រោយនេះយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបំបាក់ដៃគូ ឲ្យអ្នកគាំទ្រសប្បាយចិត្តវិញ។ លើកនេះយើងមិនបានលទ្ធផលល្អ តែខ្ញុំជឿថា យុវជនរបស់យើងនឹងកាន់តែមានឆន្ទៈយកឈ្នះខ្លាំងជាងមុន។» សម្តីលោក Ohara ។
បន្ថែមលើនេះ គ្រូជោគជាំបទពិសោធន៍ដដែលបន្ថែមថា ទោះធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល ប៉ុន្តែបទពិសោធន៍នេះនឹងជួយឲ្យកូនក្រុមខ្លួន ទទួលបានបទពិសោធន៍ទៅសម្រួចខ្លួន ត្រៀមប្រជែងពានរង្វាន់នេះនៅឆ្នាំបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា ជំនួបរវាងក្រុមទាំងពីរល្ងាចនេះ គ្រាន់តែជាជំនួបបង្គ្រប់កិច្ចប៉ុណ្ណោះ ត្បិតក្រុមទាំងពីរមាន៣ពិន្ទុស្មើគ្នា នឹងអស់ឱកាសឡើងទៅវគ្គបន្តរួចហើយ។
មតិយោបល់