ជើងខ្លាំង ឡៅ ចន្ទ្រា ព្រលយថាខ្លួនចង់បំបែកកំណត់ត្រាថ្មីមួយ ដែលពុំទាន់មានអ្នកប្រដាល់ជួរមុខណាម្នាក់ធ្វើបានក្នុងការប្រកួតវិលជុំដណ្តើមខ្សែក្រវ៉ាត់ ពោលគឺផ្តួលដៃគូឲ្យសន្លប់គ្រប់ការប្រកួត មុនទៅគ្រងជើងឯក។
ក្រោយផ្តួលសុខសុវណ្ណកាលចុងសប្តាហ៍មុន សិស្សគុណក្លឹបឆ័ត្រយោង៩១១រូបនេះរៀបរាប់ថា ខ្លួនរំពឹងខ្ពស់ថាអាចគ្រងខ្សែក្រវ៉ាត់គូបូតា ប៉ុន្តែអ្វីដែលគេចង់បានជាងនេះទៀតគឺផ្តួលដៃគូឲ្យសន្លប់១០០%។
« ខ្ញុំសង្ឃឹមច្រើនបង ព្រោះខ្ញុំខំហាត់ខ្លាំងណាស់ មិនហ៊ានប្រហែសទេបង។ ណាមួយទៀតដៃគូដ៏ខ្លាំងបំផុតរបស់ខ្ញុំគឺបងសោភ័ណ្ឌ ខ្ញុំឈ្នះគាត់ហើយ។ ដូចនេះ ខ្ញុំចង់ផ្តួលឲ្យអស់តែម្តងបង ដើម្បីលើកមុខលើកមាត់ក្លឹប និងក្រុមគ្រួសារខ្ញុំបង។» សម្តី ឡៅ ចន្ទ្រា។
៣ប្រកួតដំបូងក្នុងវគ្គវិលជុំ ឡៅ ចន្ទ្រា បានផ្តួលដៃគូឲ្យសន្លប់ទឹកទី៣ដូចគ្នា ក្នុងនោះមានសិស្សច្បង ផល សោភ័ណ្ឌ ឈុនឡេក ( ថៃ ) និង សុខ សុវណ្ណ ។
ជ័យជម្នះនេះ គេបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ខណៈ២ប្រកួតចុងក្រោយគេនឹងប៉ះ ឈឿន ឆៃដែន និង ថៃ។
មតិយោបល់