ខ្សែប្រយុទ្ធ Nolito របស់ក្រុម Manchester City បានបញ្ជាក់ថាខ្លួនតមអាហារ២មុខ មិនញ៉ាំនោះទេ គឺនំខេក និងទឹកដែលមានជាតិស្ករច្រើន ព្រោះវាអាចបណ្ដាលឱ្យធាត់បាន។
Nolito បានបញ្ជាក់ថាខ្លួនតមអាហារ២មុខនេះ តាំងពីនៅក្លឹប Barcelona មកម្ល៉េះ ដោយលោក Luis Enrique ជាអ្នកហាមខ្លួនមិនឱ្យញ៉ាំរបស់ទាំងនេះ ប្រសិនបើចង់ឱ្យខ្លួនមានសមត្ថភាព និងក្លាយជាកីឡាករល្អមួយរូប។ ស្របពេលមកដល់ក្លឹប Manchester City នេះ រូបគេក៏នៅតែរក្សាការតមនេះបន្តដែរ ព្រោះលោក Pep ក៏ជាមនុស្សម្នាក់តឹងរឹងចំពោះរឿងរបបអាហាររបស់កីឡាករ។
Nolito បានបញ្ជាក់ដូច្នេះថា៖ “ខ្ញុំធ្លាប់លេងនៅឈុតទី២របស់ Barcelona ហើយទៅលេងនៅ Celta Vigo ទៀត គឺសុទ្ធតែធ្វើដូច្នេះទាំងអស់។ វាជារឿងល្អមួយ សម្រាប់ខ្លួនឯងដែលអាចធ្វើឱ្យទម្រង់លេងល្អ និងលេងមិនសូវចេះហត់ដូចកីឡាករណាដែលមានមាឌធំនិងលើសទម្ងន់”។
ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញខាងលើនេះ ត្រូវបាន Man City ទិញយកពីក្លឹប Celta Vigo កាលពីរដូវកាលដោះដូរកីឡាករកន្លងទៅ ខណៈដែលប៉ុន្មានប្រកួតមកនេះរូបគេក៏បានជួយក្រុមបានច្រើនដែរ៕
មតិយោបល់