លោក Jose Mourinho ត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញពីកន្លែងបញ្ជាកូនក្រុម ក្នុងការប្រកួតទល់និង Burnley កាលពីយប់មិញនេះ ក្រោយពីលោកបានបង្ហាញកាយវិការមិនសមរម្យលើទីលាន។
ការប្រកួតកាលពីយប់មិញនេះ Manchester United បានត្រឹមស្មើ ០-០ ជាមួយក្រុម Burnley ប៉ុណ្ណោះ ខណៈដែលក្នុងតង់ទី២ លោក Mourinho ខឹងអាជ្ញាកណ្ដាលខ្លាំងណាស់ ព្រោះមិនឱ្យបាល់ពិន័យ១១ម៉ែត្រដល់ក្រុមរបស់ខ្លួន។ ដោយការខឹងខ្លាំង និងកាយវិការមើលងាយអាជ្ញាកណ្ដាលផងនោះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវលោក Mark Clattenburg បណ្ដេញមិនឱ្យឈរបញ្ជាកូនក្រុមនោះទេ។

បន្ថែមពីនេះដែរ សហព័ន្ធបាល់ទាត់អង់គ្លេស FA អាចនឹងបន្ថែមការពិន័យទៀត ប្រសិនបើពួកគេរកឃើញថាសម្ដីរបស់ Jose Mourinho ពិតជាមានការមើលងាយខ្លាំងដល់ក្រុមអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងការប្រកួត។
នេះជាលើកទី ១៣ហើយ ដែល Mourinho ត្រូវអាជ្ញាកណ្ដាលពិន័យហាមមិនឱ្យបញ្ជាកូនក្រុមលើទីលាន ក្រោយពីលោកបង្ហាញកាយវិការនិងពាក្យសម្ដីមិនសមរម្យដាក់អាជ្ញាកណ្ដាល។ ខណៈដែល១៣ដងនោះ នៅក្លឹបPorto, Chelsea, Inter Milan, Real Madrid និង Man Utd នេះឯង៕


មតិយោបល់