ក្រុមហ៊ុន Apple ចង់បង្ហោះដ្រូន ដើម្បីបង្កើនគុណភាពផែនទីរបស់ខ្លួន សម្រាប់ប្រើប្រាស់នៅលើផលិតផល Apple ដោយការប្រមូលរាល់ទិន្នន័យមហាវិថី និងផ្លូវលំដែលទើបកសាង ឬអភិវឌ្ឍឡើងថ្មីៗ។
ឥឡូវនេះ ទោះជាយ៉ាងណា នេះជាទង្វើខុសច្បាស់ ក្នុងការបង្ហោះដ្រូនលើតំបន់ដែលមានប្រជាជនរស់នៅ ឬនៅក្បែរព្រលានយន្តហោះ បើទោះបីជាច្បាប់កំពុងស្ថិតក្នុងដំណាក់កាលតាក់តែងឡើងក៏ដោយ។
អតិថិជនមានការត្អូញត្អែយូរណាស់ហើយអំពីផែនទីដែលមានក្នុងកម្មវិធី Apple Maps លើផលិតផល Apple មួយចំនួនដូចជា iPhone, iPad និង iPod touch ដែលបែរជាទៅប្រើកម្មវិធីផែនទីរបស់ក្រុមហ៊ុន Google ជំនួសទៅវិញ។ ក្រុមហ៊ុន Google បានបញ្ចេញឡានបំពាក់កាមេរ៉ា 360 ដឺក្រេ ភ្ជាប់ផ្កាយរណប ទៅគ្រប់ប្រទេសដើម្បីប្រមូលរាល់ទិន្នន័យផ្លូវ ទាំងផ្លូវលំ ផ្លូវថ្នល់ និងផ្លូវជាតិ ដើម្បីអភិវឌ្ឍកម្មវិធីផែនទីរបស់គេឲ្យមានឥទ្ធិពលខ្លាំងជាងគេលើចក្រវាឡ។ សូមបញ្ជាក់ថា៖ ឡានរបស់ក្រុមហ៊ុន Google ក៏បានមកដល់ប្រទេសកម្ពុជាយើងដែរ។
ក្រុមហ៊ុននេះ ស្នើសុំការអនុញាតពីរដ្ឋបាលអាកាសចរណ៍អាមេរិកឱ្យខ្លួនដាក់បង្ហោះយន្តហោះដ្រូន ១១ ប្រភេទខុសៗគ្នា ហើយខែក្រោយនេះរដ្ឋបាលអាកាសចរណ៍នឹងចេញគម្រោងការថ្មីទៅលើច្បាប់ស្តីពីការបង្ហោះដ្រូននៅលើតំបន់មនុស្សរស់នៅ។ បើសិនជាក្រុមហ៊ុន Apple ពិតជាប្រើប្រាស់ដ្រូនក្នុងការកែលម្អទិន្នន័យផែនទីរបស់ខ្លួនមែន ក្រុមហ៊ុននឹងភ្ជាប់ទំនាក់ទំនងផ្ទាល់ទៅកាន់រដ្ឋបាលអាកាសចរណ៍ ក្នុងការបង្កើតច្បាប់មួយនោះ ប៉ុន្តែក្រុមហ៊ុន Apple ភ្លាមៗនោះដែរមិនមានការឆ្លើយតបវិញទេ៕
មតិយោបល់