ក្រុមហ៊ុន Twitter ទើបផ្លាស់ប្តូរប្រមុខដឹកនាំម្នាក់ទៀតហើយក្នុងឆ្នាំ ២០១៦ នេះ ដោយបានតែងតាំងស្ថាបនិកក្រុមហ៊ុន Yes, Inc. គឺលោក Keith Coleman ឱ្យអង្គុយតំណែងប្រធានក្រុមផ្នែកផលិតផលរបស់ខ្លួន បន្ទាប់ពីលោក Kevin Weil និង Jeff Seibert ដែលបានអង្គុយនៅមុខតំណែងនេះ បានត្រឹមតែ ៥ ខែ។
ក្រុមហ៊ុនផ្តល់សេវាកម្មមីក្រូប្លុកនេះនិយាយថា ខ្លួនបានទិញក្រុមហ៊ុន Yes, ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីដូចជា Frenzy និង WYD សម្រាប់អនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិរបស់ពួកគេ។ ដោយឡែក ចំពោះលក្ខន្តិកៈផ្សេងៗក្នុងការដោះដូរ មិនត្រូវបានបង្ហើបឱ្យដឹងនោះទេ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន គឺលោក Jack Dorsey បានបង្ហោះសារមួយ កាលពីថ្ងៃអង្គារ លើទំព័រ Twitter របស់លោកថា៖ «ស្ថាបនិកក្រុមហ៊ុន Yes, និងក្រុមការងាររបស់គេ កំពុងចូលរួមជាមួយក្រុមហ៊ុនTwitter ដើម្បីជួយដឹកនាំ និងពង្រឹងសេវាកម្មរបស់យើង។»
បណ្តាញសង្គម Twitter ដែលប្រឈមនឹងការឋិតនៅទ្រឹង ខណៈគូប្រកួតប្រជែងកំពុងវាយលុកខ្លាំងនោះ បានលេចឮព័ត៌មានចចាមអារ៉ាមថា កំពុងត្រូវបានដាក់លក់ និងបានជួលក្រុមធនាគារកាលពីខែមុនឱ្យពិនិត្យមើលលទ្ធភាពនៃការលក់ដូរក្រុមហ៊ុន។
ក្រុមហ៊ុនធំៗដូចជា Walt Disney និង Alphabet ត្រូវបានគេរាយការណ៍មកថា កំពុងចាប់អារម្មណ៍លើក្រុមហ៊ុននេះ៕
ប្រភពព័ត៌មានៈ yahoo
មតិយោបល់