ក្រុមមន្រ្តីមានសមត្ថកិច្ចរបស់បារាំងកំពុងបើកការស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឱ្យយន្តហោះ Flight 804 របស់ក្រុមហ៊ុន EgyptAir ធ្លាក់ សម្លាប់មនុស្សអស់ ៦៦ នាក់ ក្នុងឆ្នាំ ២០១៦ ដែលអាចបង្កឡើងដោយទូរសព្ទដៃ iPhone ឬ iPad។
ក្រុមស៊ើបអង្កេតកំពុងតាមរកមូលហេតុដែលនាំឱ្យយន្តហោះនោះធ្លាក់ ហើយបើតាមតម្រុយថ្មីៗមួយចំនួន វាអាចនឹងបណ្តាលមកពីឧបករណ៍ iOS Devices (iPhone, iPad, ឬ iPod Touch) ដែលបានបង្កនូវមហន្តរាយនេះ។
យោងតាមរបាយការណ៍ពីកាសែតបារាំង Le Parisien ក្រុមមន្រ្តីនិយាយថា iPhone 6s និង iPad Mini 4 ដែលជាកម្មសិទ្ធិរបស់កាពីទែនទីមួយរបស់យន្តហោះ ប្រហែលបានដោតទៅនឹងព្រីភ្លើងក្នុងកាប៊ិនយន្តហោះមិនបានត្រឹមត្រូវ។

ការអះអាងនេះ គឺផ្ទុយពីការស៊ើបអង្កេតព្រហ្មទណ្ឌចំហរមួយ ធ្វើឡើងដោយមន្រ្តីនៃប្រទេសអេហ្ស៊ីប កាលពីខែធ្នូ ដោយពួកគេជឿថា ឧប្បតិ្តវហេតុនៃការធ្លាក់ គឺបង្កឡើងដោយគ្រាប់បែកប្រភេទមួយចំនួន ក្រោយពិនិត្យរកឃើញបំណែករាងកាយផ្ទុះឆេះរបស់ជនរងគ្រោះមួយចំនួន។
ទាក់ទងទៅនឹងករណីនេះ Apple មិនបានចូលរួមក្នុងការស៊ើបអង្កេតនោះទេ ដោយសារតែក្រុមហ៊ុនអះអាងថា មិនទាន់ទទួលបានលិខិតឱ្យចូលរួមសហការជាផ្លូវការណាមួយពីអាជ្ញាធររបស់ប្រទេស។ នេះបើយោងតាមប្រភពព័ត៌មានពី Business Insider ចុះផ្សាយនៅរសៀលថ្ងៃម្សិលមិញ។
គួរបញ្ជាក់ថា នៅថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០១៦ យន្តហោះ Flight 804 របស់ក្រុមហ៊ុន EqyptAir បានបាត់សញ្ញាចេញពីរ៉ាដា ខណៈកំពុងហោះលើដែនសមុទ្រមេឌីទែរ៉ាណេ។ មុនពេលធ្លាក់ ប្រព័ន្ធរ៉ាដាការពារជាតិរបស់ប្រទេសគ្រិច ចាប់វាបានក្នុងរយៈកម្ពស់ ៣៧,០០០ ហ្វីត ឬស្មើនឹងជាង ១១ គីឡូម៉ែត្រពីផ្ទៃដី។ បន្ទាប់មក វាក៏បត់ក្បាលមកខាងឆ្វេង ក្នុងមុំ ៩០ ដឺក្រេ មុនពេលដាំក្បាលចុះ ៣៦០ ដឺក្រេ រួចក៏បាត់ពីសញ្ញាតែម្តង៕

ប្រភពព័ត៌មានៈ cultomac
មតិយោបល់