ព័ត៌មានបច្ចេកវិទ្យា

មិនមែនលេងសើចទេ! Nokia នឹងចេញកីឡាករគីឡូធ្ងន់ផ្តួល iPhone 8 និង Galaxy S8 ក្នុងព្រឹត្តិការណ៍ WMC ខាងមុខនេះហើយ

បន្ទាប់ពីបានប្រកាសថា Nokia នឹងវិលចូលសង្វៀនប្រកួតជាមួយ Samsung និង Apple នៅដើមឆ្នាំ ២០១៧ រួចមក ក្រុមហ៊ុន HMD Global ដែលបានទិញសិទ្ធិអាជីវកម្មលើម៉ាកសញ្ញាទូរស័ព្ទ Nokia ពីក្រុមហ៊ុន Microsoft នោះ រហូតមកទល់ពេលនេះ ទើបបានបញ្ចេញស្មាតហ្វូនម៉ាក Nokia សមត្ថភាពធម្យមតែមួយម៉ូដែលប៉ុណ្ណោះ ដែលការនេះ បាននាំឱ្យសាធារណៈជនកើតមានចម្ងល់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននាពេលកន្លងមក។

មែនទែនទៅ វត្តមានរបស់ Nokia 6 ដើរដោយប្រព័ន្ធ Android លើកដំបូងបង្អស់នោះ គឺមិនមែនជាតួអង្គសំខាន់របស់ក្រុមហ៊ុន HMD ក្នុងការចូលរួមប្រកួតប្រជែងជាមួយផលិតផលកំពូលៗរបស់ក្រុមហ៊ុន Samsung និង Apple នោះទេ ខណៈដែលព័ត៌មានច្បាស់ការថ្មីៗជាច្រើនបង្ហាញថា ក្រុមហ៊ុននៃប្រទេសហ្វាំងឡង់មួយនេះ កំពុងធ្វើការជាមួយ Nokia ស៊េរីថ្មីពីរបីម៉ូដែលបន្ថែមទៀត សម្រាប់វាយលុកក្នុងឆ្នាំ ២០១៧ នេះ។

យោងតាមគេហទំព័រ gsmarena ក្រុមហ៊ុន HMD ទើបបានបង្ហើបឱ្យដឹងថា ខ្លួននឹងរៀបចំសន្និសិទ្ធសារព័ត៌មានមួយនៅឯមហាសន្និបាតឧបករណ៍បច្ចេកវិជ្ជាចល័តពិភពលោក WMC ឆ្នាំ ២០១៧ ខាងមុខ ជាទីដែលក្រុមហ៊ុនត្រូវបានគេជឿថា នឹងបង្ហាញ Nokia ស៊េរីថ្មីៗបន្ថែមទៀត ហើយក្នុងនោះក៏រួមមាន Nokia 8 ផងដែរ។

យោងតាមប្រភពពី gsmarena ដដែល Nokia 8 នឹងបំពាក់បន្ទះឈីប Snapdragon 835 របស់ក្រុមហ៊ុន Qualcomm ជំនាន់ថ្មី ដែលក្រុមហ៊ុន Samsung ក៏នឹងយកវាទៅបំពាក់ឱ្យស្មាតហ្វូនលំដាប់កំពូលៗរបស់ខ្លួន រាប់បញ្ចូលទាំង Galaxy S8 ផងដែរ។ បន្ថែមពីនោះ Nokia 8 នឹងបំពាក់អេក្រង់ 2K (១៤៤០ x ២៥៦០ ភិចសែល) ទំហំ ៥.៧ អីុញ ប្រភេទ IPS LCD ដែលមានកម្រិតភាពច្បាស់រហូតដល់ ៥១៥ ភិចសែល/អីុញ ក្រាលដោយស្រទាប់កញ្ចក់ Corning Gorilla ជំនាន់ទី 5 បំពាក់កាមេរ៉ាក្រោយ ២៤ មេហ្គាភិចសែល អមដោយបច្ចេកវិជ្ជារក្សាលំនឹង OIS ដែលអាចថតវីដេអូបានកម្រិត 4K កាមេរ៉ាក្រោយ ១២ មេហ្គាភិចសែល ប្រើប្រាស់ RAM ទំហំ ៦ ជីហ្គាប៊ៃយ៍ ROM ទំហំ ៦៤/១២៨ ជីហ្គាប៊ៃយ៍ ដំណើរការលើប្រព័ន្ធ Android 7.0 និងអមដោយលក្ខណៈសម្បត្តិកំពូលៗជាច្រើនផ្សេងទៀត៕

រូបភាពវីដេអូបែកធ្លាយពីការសាកល្បងសមត្ថភាពកាមេរ៉ារបស់ Nokia 8

https://www.youtube.com/watch?v=CPi26Ov0n7s

ប្រភពព័ត៌មាន៖ bgr

មតិយោបល់