ព័ត៌មានបច្ចេកវិទ្យា

ក្តៅៗ ក្រុមហ៊ុន Huawei បង្ហាញលទ្ធផលមុខជំនួញខ្លួនប្រចាំឆមាសទី១ ឆ្នាំ២០១៧

ស៊ិនចិន ប្រទេសចិន ថ្ងៃទី២៧​ កក្កដា ២០១៧៖ ក្រុមហ៊ុន Huawei Consumer Business Group បានបង្ហាញលទ្ធផលហិរញ្ញវត្ថុ ពាក់កណ្តាលឆ្នាំ២០១៧ របស់ខ្លួនថា ប្រាក់ចំណូលសម្រាប់ ៦ ខែដំបូង​ បានកើនឡើង ៣៦.២% ស្មើនឹង ១០៥.៤ ពាន់លានយ័ន ហើយការនាំចេញទូរសព្ទស្មាតហ្វូនក៏កើនឡើងដល់ ៧៣,០១ លានគ្រឿង គឺកើនឡើង ២០.៦% ធៀបនឹងឆ្នាំមុន។

លោក Richard Yu នាយកប្រតិបត្តិ Huawei’s Consumer Business Group បានមានប្រសាសន៍ថា “ក្រុម​ហ៊ុនស្មាតហ្វូន Huawei របស់យើង នឹងបន្តការរីកចម្រើនបន្ថែមទៀត ដោយយកឈ្នះលើចំណែកទីផ្សារ ឩស្សាហកម្មថ្នាក់កណ្តាល និងថ្នាក់ខ្ពស់នៅជុំវិញពិភពលោក។ ការរីកចម្រើននេះ កំពុងបង្ហាញពីភាពខ្លាំងនៃយីហោក្រុមហ៊ុន Huawei និងសន្ទុះដែលយើងបានបង្កើតឡើងតាមរយៈការផ្តល់ជូននូវគុណភាពខ្ពស់ និងការបង្កើតនូវផលិតផលស្មាតហ្វូនថ្មី សមស្របតាមតម្រូវការទីផ្សារអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ”។

ក្នុងឆមាសទី១ ឆ្នាំ២០១៧ ក្រុមហ៊ុន Huawei មានចំណែកទីផ្សារកើនឡើង ៩.៨​ ភាគរយ នៃទីផ្សារស្មាតហ្វូនពិភពលោក នេះបើយោងតាមរបាយការណ៍វិភាគវិស័យឩស្សាហកម្ម IDC។ តួលេខនេះ បានឆ្លុះបញ្ចាំងពីកំណើននៃការលក់ស្មាតហ្វូនធនកណ្តាល និងខ្ពស់ទៅតាមតំបន់។ នៅក្នុងប្រទេសចិន ក្រុមហ៊ុន Huawei បានអះអាងថា ខ្លួនទទួលបាន ២២.១% នៃទីផ្សារ ដែលការចេញលក់បានកើនឡើង ២៤% ជារៀងរាល់ឆ្នាំ។ ក្រៅពីនេះ Huawei ក៏បានកត់សម្គាល់ឃើញផងដែរថា ការនាំចេញស្មាតហ្វូនទៅកាន់ទ្វីបអឺរ៉ុប ក៏មានកំណើនយ៉ាងឆាប់រហ័សផងដែរ។ យោងរបាយការណ៍ដដែល ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងតំបន់កណ្តាល ភាគខាងកើត និង ខាងជើងអឺរ៉ុប ការនាំចេញរបស់ក្រុមហ៊ុន Huawei គឺមានកំណើន 18%។

ក្រុមហ៊ុន Huawei Consumer Business Group ក៏បាន​ទំលុះទីផ្សារអាស៊ីប៉ាស៊ីហ្វិកធំៗ រួមមានប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង ហើយនិងប្រទេសរុស្ស៊ីក៏រីកចម្រើនខ្លាំងផងដែរ។ ស្របពេលជាមួយគ្នានេះ យោងតាមការស្រាវជ្រាវរបស់ GfK និង Sino យីហោក្រុមហ៊ុន Huawei បានឈរនៅចំណាត់ថ្នាក់ជាប់គ្នាជាមួយ នឹងបរិមាណលក់ស្មាតហ្វូន អ៊ីនធឺណេត និងប្រាក់ចំណូលខ្ពស់ជាងគេនៅក្នុងប្រទេសចិន ចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ ២០១៧។

កំណើនពីមួយឆ្នាំទៅមួយឆ្នាំបានឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់ក្រុមហ៊ុន Huawei ក្នុងលំដាប់ពិភពលោក ដែលត្រូវបាន​ទទួលស្គាល់ថាជាម៉ាកល្អជាងគេ។ ក្នុងឆ្នាំ ២០១៧ Huawei ទទួលបានចំណាត់ថ្នាក់លេខទី ៤៩ នៃតារាងបញ្ជីម៉ាកល្បីមានតម្លៃជាងគេលំដាប់ពិភពលោកទាំង១០០ Top 100 Most Valuable Global Brands របស់ BrandZ នៃទស្សនាវដ្តី Forbes ដោយទទួលបានចំណាត់ថ្នាក់ម៉ាកមានតម្លៃជាងគេលំដាប់ពិភពលោកលំដាប់ទី ៨៨ ហើយនិងជាម៉ាកមានតម្លៃបំផុតលំដាប់ទី ៤០ នៃតារាងបញ្ជី the Brand Finance Global 500។

លោក Yu បន្តថា “ផលិតផល Huawei មានភាពទាក់ទាញសម្រាប់អតិថិជនទូទាំងពិភពលោក ដោយសារតែការប្តេជ្ញាចិត្តច្បាស់លាស់របស់យើងចំពោះគុណភាព បទពិសោធន៍ និងការច្នៃប្រឌិត។ ជាមួយនឹងប្រព័ន្ធអេកូឧបករណ៍អេឡិចត្រូនិកដ៏រឹងមាំ រួមបញ្ចូលទាំងស្មាតហ្វូនថេប្លេត ឧបករណ៍អេឡិកត្រូនិច ហើយនិង​ឥឡូវនេះ កុំព្យូទ័រ ដែលអ្នកប្រើប្រាស់យល់ដឹងច្បាស់ អាចជឿទុកចិត្តបានថា ក្រុមហ៊ុន Huawei ផ្តល់នូវបទពិសោធន៍យ៉ាងល្អប្រសើរលើឩបករណ៍ទំនើបដែលពួកគេកំពុងស្វែងរក”។

ខណៈពេលដែលវត្តមានម៉ាកយីហោរបស់ក្រុមហ៊ុន Huawei កំពុងរីកចម្រើន ក្រុមហ៊ុនក៏នឹងមានយុទ្ធសាស្រ្ត លក់របស់ខ្លួនផងដែរ។ ក្រុមហ៊ុន Huawei គ្រោងនឹងពង្រីកបណ្តាញលក់រាយរបស់ខ្លួនដែលមានរហូតដល់ 56,000 កន្លែង នៅទូទាំងពិភពលោកនៅចុងឆ្នាំ ២០១៧ ពោលគឺ កើនឡើងពី 35,000 នៅក្នុងខែឧសភា ឆ្នាំ ២០១៦។ ហាងទាំងនេះ ឆ្លុះបញ្ចាំងពីរូបភាពគុណភាពខ្ពស់ដែល Huawei បានបង្កើតនៅជុំវិញពិភពលោក។

ដោយសម្លឹងឆ្ពោះទៅមុខ ក្រុមហ៊ុន Huawei រំពឹងថា នឹងបន្តជំរុញកំណើនសេដ្ឋកិច្ច ស្របពេលដែលក្រុមហ៊ុន បានជំរុញផលិតផលរបស់ខ្លួនបន្ថែម តាមរយៈការច្នៃប្រឌិតផ្នែកបញ្ញាសិប្បនិម្មិត និងកម្មវិធីម៉ាស៊ីនចេះរៀនសូត្រដោយខ្លួនឯង ដែលនឹងជំរុញនូវយុគសម័យឆ្លាតវៃទៅមុខ។ ក្រុមហ៊ុនស្មាតហ្វូន Huawei បានប្តេជ្ញាចិត្ត ផ្តល់នូវផលិតផលឆ្លាតវៃដែលគិតទុកជាមុននូវតម្រូវការរបស់អ្នកប្រើសមស្របនឹងរបៀបនៃការរស់នៅ និងធ្វើការរបស់ពួកគេ។

ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវចំនួន 15 និងមជ្ឈមណ្ឌលច្នៃប្រឌិតរួមគ្នាចំនួន 36 របស់ខ្លួនក្រុមហ៊ុន Huawei កំពុងធ្វើការលើបច្ចេកវិទ្យាថ្មី រួមទាំងឧបករណ៍ចាប់សញ្ញា ការគ្រប់គ្រងទិន្នន័យ ហើយនិងបន្ទាប់មក បន្ទះឈីស Kirin ដែលត្រូវបានរចនាឡើងដើម្បីនាំយកមុខងារប្រភេទនេះទៅកាន់ទីផ្សារ។ ក្រុមហ៊ុន Huawei ក៏បំពេញបន្ថែមនូវការច្នៃប្រឌិតរបស់ខ្លួនដោយសហការជាមួយក្រុមហ៊ុននាំមុខដូចជា Leica, Dolby, Microsoft, Intel និង Google។

តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងទំាងនេះ Huawei នឹងបន្តធ្វើឲ្យអតិថិជនកាន់តែរីករាយ ​ប្រណាំងប្រជែង ផ្នែកឩស្សាហកម្ម និងកសាងទំនាក់ទំនងកាន់តែប្រសើរទៅកាន់ពិភពលោក៕

មតិយោបល់