ព័ត៌មានបច្ចេកវិទ្យា

ចិនបង្កើតមូលនិធិ ១៤.៥៥$ ប៊ីលាន សម្រាប់បង្កើនការវិនិយោគលើវិស័យអីុនធើណែត

ប្រទេសចិនបានបង្កើតមូលនិធិ 100 ប៊ីលានយ័ន (១៤.៥៥ ប៊ីលានដុល្លារ) ដើម្បីគាំទ្រដល់ការវិនិយោគនៅក្នុងវិស័យអ៊ីនធឺណិតឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។ នេះបើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារ Xinhua នៅថ្ងៃអាទិត្យម្សិលមិញ។

សេចក្តីរាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា មូលនិធិដែលគាំទ្រដោយគណៈរដ្ឋមន្ត្រីនៃប្រទេសមហាយក្សអាស៊ីនេះ ត្រូវបានបង្កើតឡើងដើម្បីជួយប្រែក្លាយចិនឱ្យទៅជាតួអង្គធំចម្បងមួយនៅក្នុងពិភពបច្ចេកវិទ្យាអ៊ីនធើណែត។

ទឹកប្រាក់មូលនិធិសម្រាប់ការវិនិយោគជំហានដំបូងចំនួន 14.55 ប៊ីលានដុល្លារ ត្រូវបានរៃអង្គាសរួចរាល់ហើយពីធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ធំៗ ដូចជា ICBC, China Mobile និង China Unicom។ នៅក្នុងសារព័ត៌មាន Xinhua ដដែលបានឱ្យដឹងថា ទឹកប្រាក់សម្រាប់ផ្តល់ឥណទានរហូតដល់ទៅ 150 ប៊ីលានយ័ន (១៨.៩ ប៊ីលានដុល្លារ) នឹងត្រូវបានត្រៀមសម្រាប់បំពេញតម្រូវការរបស់ក្រុមហ៊ុនដែលត្រូវបានផ្តល់ការវិនិយោគដោយមូលនិធិនេះ។

ប្រទេសចិនបានថ្លែងឱ្យដឹងកាលពីដើមខែនេះថា ខ្លួននឹងវិនិយោគប្រាក់ចំនួន ១.២ ទ្រីលានយ័ន (០.១៧ ទ្រីលានដុល្លារ) រវាងឆ្នាំ ២០១៦ និងឆ្នាំ ២០១៨ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព័ត៌មានរបស់ខ្លួន៕

ប្រភពព័ត៌មាន៖ reuters

 

 

មតិយោបល់