រូបថតជាក់ស្តែងថ្មីប៉ុន្មានសន្លឹកដែលបានផ្តិតយកទូរសព្ទ Samsung Galaxy S8 ទាំងអេក្រង់កំពុងបើកដំណើរការ ត្រូវបានទម្លាយឱ្យឃើញនៅលើទំព័រ Twitter មួយរបស់គណនីឈ្មោះ Ice Universe ដោយបង្ហាញយ៉ាងច្បាស់ថា វាគ្មានប៊ូតុងចុច និងស្ទើរតែគ្មានគែមអេក្រង់។
កន្លងមក ក៏មានបែកធ្លាយរូបថតរបស់កំពូលទូរសព្ទដែលនឹងប្រកាសចេញនាពេលឆាប់ៗខាងមុខនេះផងដែរ ប៉ុន្តែ វាបង្ហាញចេញដោយឋិតក្នុងលក្ខខណ្ឌអេក្រង់ងងឹត មិនទាន់បើកដំណើរការ ខុសពីលើកនេះ។ តាមរយៈរូបថតប៉ុន្មានសន្លឹកនោះ គេអាចមើលឃើញថា S8 គ្មានប៊ូតុងចុចដូចជំនាន់មុនៗរបស់ទេ ចំណែកអេក្រង់របស់វាវិញគឺលាតសន្ធឹងស្ទើរតែពេញផ្ទៃទូរសព្ទទាំងអស់តែម្តង។ ពោលគឺ វាមានតែគែមនៅខាងលើ និងខាងក្រោមបន្តិចប៉ុណ្ណោះ ហើយវាមានរបារកម្មវិធីចំនួនពីរជួររំលេចឡើងនៅពីចំហៀងអេក្រង់ដែលកំពុងបើកដំណើរការ។
កន្លងមក Galaxy S8 នេះ ត្រូវបានគេរាយការណ៍មកជាហូរហែថា នឹងពាំនាំមកជាមួយលក្ខណៈសម្បត្តិ និងបច្ចេកវិទ្យាដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើន ដើម្បីប្រណាំងប្រជែងជាមួយទូរសព្ទ iPhone ស៊េរីឆ្នាំ ២០១៧ ដែលត្រូវបានគេជឿថា នឹងមានឈ្មោះ iPhone 8 ខណៈដែលវានឹងចេញមកសម្រាប់អបអរខួបលើគម្រប ១០ ឆ្នាំរបស់វា។
តាមរយៈ លក្ខណៈសម្បត្តិទាំងនោះ បើសិនជាក្រុមហ៊ុន Apple មិនមានអ្វីផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខ្លាំងទេនោះ អ្នកគាំទ្ររបស់ខ្លួននឹងបែរទៅជ្រើសរើស Galaxy S8 ជាមិនខាន៕

ប្រភពព័ត៌មានៈ theverge, androidpolice
មតិយោបល់