ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Huawei បញ្ចេញទូរស័ព្ទដៃចុងក្រោយមួយ រញ្ជួយទីផ្សារនៅអឺរ៉ុប

Huawei បានប្រកាសជាសាធារណៈ នូវផលិតផលទូរស័ព្ទដៃចុងក្រោយបង្អស់របស់គេ ដែលមានអេក្រង់កោងខ្លាំងជាងទូរស័ព្ទដៃណាទាំងអស់ ដែលមានឈ្មោះថា Honor Magic។ ផ្ទៃខាងក្នុងរបស់ទូរស័ព្ទដៃនេះ គឺមានភាពទាន់សម័យខ្លំាងមែនទែន វាមានអេក្រង់ទំហំ ៥,០៩ អ៊ីង ជាប្រភេទអេក្រង់ AMOLED កម្រិតខ្ពស់បំផុត ដែលអាចផ្តល់កម្រិតច្បាស់រហូតដល់ 577ppi ហើយវាបំពាក់ដោយអេក្រង់កោងនៃផ្ទៃខាងលើផងដែរ។

Huawei Honor Magic មានកាមេរ៉ាភ្លោះនៅផ្ទៃខាងក្រោយដែលមានទំហំ 12MP ជាមួយនិងកម្រិតចាប់យក f/2.2 aperture រីឯកាមេរ៉ាខាងមុខវិញមានទំហំ 8MP ជាមួយនឹងកម្រិតចាប់យក f/2.0 ។ ទូរស័ព្ទដៃចុងក្រោយបង្អស់របស់ក្រុមហ៊ុន Huawei មួយនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 ជាមួយនិងប្រព័ន្ធប្រតិបត្តិការ Honor Magic Live។ វាភ្ជាប់មកជាមួយ Ram ទំហំ 4GB និងទំហំផ្ទុកឯកសារចំនួន 64GB។

ផ្នែកសំខាន់នៃទូរស័ព្ទដៃ Honor Magic នេះគឺ FaceCode វាជាមុខងារពិសេស ដែលអាចស្កេនកែវភ្នែកម្ចាស់ទូរស័ព្ទ ដោយប្រើកាមេរ៉ា Infrared មានន័យថាមានតែម្ចាស់ទូរស័ព្ទ និងមនុស្សដែលត្រូវបានផ្តល់សិទ្ធ ឲ្យប្រើប្រាស់ទូរស័ព្ទដៃនេះទេ ទើបអាចមើលនូវការផ្តល់ជូនដំណឹងនៅក្នុងទូរស័ព្ទបាន (ឧទាហរណ៍៖ ការផ្ញើរសារចូល) ចំណែកឯប៊ូត៉ុង Home វិញក៏មានបំពាក់មកជាមួយការស្កេនក្រយៅដៃផងដែរ។

ចំពោះថាមពលថ្មនៃទូរស័ព្ទដៃនេះ គឺមានទំហំត្រឹម 2,900 mAh ប៉ុណ្ណោះ ប៉ុន្តែការសាកថ្មវិញគឺចំណាយពេលត្រឹមតែកន្លះម៉ោងអាចកើនថាមពលថ្មរហូតដល់ ៩០% ដោយប្រើប្រាស់ឆ្នាំងសាក Huawei Magic Power និងអាចសាកថ្មចូលបាន ៧០% ចំណាយពេលត្រឹមតែ ២០នាទី ប៉ុណ្ណោះ គ្រប់ពេលដែលសាកថ្ម ទូរស័ព្ទដៃទំនើបមួយនេះអាចរក្សាសីតុណ្ហភាពបានត្រជាក់ល្អ វាក៏មាននូវជើងដាក់ស៊ីមចំនួន២ ផងដែរ។

Huawei Honor Magic មានតម្លៃត្រឹម ៥៣០ ដុល្លារ ដែលអាចធ្វើការកម្មង់ទិញទុកមុនបាននៅប្រទេសចិន ចាប់ពីពេលនេះទៅ ដោយគេបានរំពឹងទុកថា ផលិតផលមួយនេះនឹងធ្វើការដឹកជញ្ជូនទៅកាន់អតិថិជន ចាប់ពីថ្ងៃទី ២៥ ខាងមុខនេះ៕

មតិយោបល់