ព័ត៌មានបច្ចេកវិទ្យា

ចំណុចគួរយល់ដឹងអំពីក្រុមហ៊ុន Nokia និងទូរសព្ទដៃ Nokia

លោកអ្នកភាគច្រើនប្រហែលជានៅយល់ច្រឡំថា ក្រុមហ៊ុន Nokia និងទូរសព្ទដៃម៉ាក Nokia គឺជាម្ចាស់ និងកូនចៅដូចកាលពីមុន។ ប៉ុន្តែ មិនដូច្នោះទៀតទេ គ្រប់យ៉ាងត្រូវបានក្រឡាប់ចាក់ បន្ទាប់ពីលេចវត្តមានរបស់ទូរសព្ទដៃ iPhone ក្នុងឆ្នាំ ២០០៨។ អតីតម៉ាកសញ្ញាទូរសព្ទឈានមុខគេនេះ ត្រូវបានលក់ចេញយូរណាស់មកហើយ ហើយក្រោយមក វាក៏ត្រូវបានលក់បន្តទៅឱ្យម្ចាស់ផ្សេងមួយទៀតផងដែរ ពោលគឺ បច្ចុប្បន្ន៖

ក្រុមហ៊ុន Nokia មិនមែនជាក្រុមហ៊ុនផលិតទូរសព្ទដៃ Nokia

កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៣ ក្រុមហ៊ុន Nokia បានសម្រេចលក់អាជ្ញាបណ្ណនៃសេវាកម្ម និងអាជីវកម្មទូរសព្ទរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Microsoft ក្នុងទំហំទឹកប្រាក់ចំនួន ៥.៤៤ ពាន់លានអឺរ៉ូ ហើយប្រតិបត្តិការផ្ទេរសិទ្ធិរបស់វា ត្រូវបានបិទបញ្ចប់តាំងពីត្រីមាសទី១ ឆ្នាំ ២០១៤ មកម្លេះ។ ពីពេលនោះមក សេវាកម្ម (កម្មវិធីផ្សេងៗដែលដំណើរការលើទូរសព្ទ Nokia ជាអាទិ៍ Nokia Maps) និងអាជីវកម្មលើទូរសព្ទម៉ាក Nokia លែងជារបស់ក្រុមហ៊ុននៃប្រទេសហ្វាំងឡង់មួយនេះទៀតហើយ។

ក្រុមហ៊ុន Nokia គឺជាក្រុមហ៊ុនបច្ចេកវិទ្យាបណ្តាញតភ្ជាប់

ក្រុមហ៊ុន Nokia គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសហ្វាំងឡង់មួយ ដែលមិនមែនមានតែអាជីវកម្មទូរសព្ទចល័តមួយមុខនោះទេ គឺក្រុមហ៊ុនមានអាជីវកម្មបណ្តាញតភ្ជាប់ដែលកំពុងឈានមុខគេក្នុងលោកមួយផ្សេងទៀត ហើយវាកំពុងអភិវឌ្ឍឈានទៅរកបណ្តាញ 5G នាប៉ុន្មានឆ្នាំខាងមុន។ ដោយឡែក ក្រុមហ៊ុនក៏មានសេវាកម្ម Cloud, Internet of Things, Digital Health, និង Virtual Reality ផងដែរ។

ថ្មីៗនេះ តាមរបាយការណ៍ពីគេហទំព័រ Venturebeat អតីតក្រុមហ៊ុនទូរសព្ទឈានមុខគេរបស់ពិភពលោកមួយនេះ ក៏គ្រោងនឹងទិញយកក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកមួយឈ្មោះ Comptel ជាមួយទឹកប្រាក់ចំនួន ៣៧១ លានដុល្លារផងដែរ ដើម្បីបង្កើនសមត្ថភាពកម្មសេវាកម្មបណ្តាញតភ្ជាប់របស់ខ្លួន។

ទូរសព្ទដៃ Nokia មិនឋិតនៅក្រោមការគ្រប់គ្រងរបស់ Microsoft 

យោងតាមរបាយការណ៍ព័ត៌មាននៅលើគេហទំព័រ thehindu ចុះផ្សាយនៅថ្ងៃទី ១៨​ ឧសភា ២០១៦ ក្រុមហ៊ុន Microsoft បានសម្រេចលក់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខលើទូរសព្ទដៃម៉ាក Nokia ស៊េរីបន្តបន្ទាប់ទៅឱ្យក្រុមហ៊ុន HMD Global និងផលិតទៅឱ្យរោងចក្រ Foxconn ក្នុងទំហំទឹកប្រាក់ចំនួន ៣៥០ លានដុល្លារ។ តាមរយ:កិច្ចព្រមព្រៀងនោះ HMD Global គឺជាម្ចាស់ថ្មីរបស់ទូរសព្ទដៃ និងថេប្លេតម៉ាក Nokia និងមានអាជ្ញាបណ្ណផលិត និងលក់ជាសកលរយ:ពេល ១០ ឆ្នាំ។ តាមរបាយការណ៍ពីគេហទំព័រដដែល ក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងនោះ Microsoft Mobile Vietnam ដែលជារោងចក្រផលិតទូរសព្ទដៃ Nokia ស៊េរីធម្មតាក្នុងប្រទេសវៀតណាម ក៏ត្រូវលក់ទៅឱ្យក្រុមហ៊ុន HMD Global និង FIH Mobile ដែលត្រូវជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Foxconn និង Hon Hai ផងដែរ ក្នុងតម្លៃ ៣៥០ លានដុល្លារ។

ទូរសព្ទដៃ Nokia គឺជារបស់ក្រុមហ៊ុន HMD Global

បើសិនពុំមានការបន្តកិច្ចព្រមព្រៀងបន្ថែមទៀតទេ មុនឆ្នាំ ២០២៧ ក្រុមហ៊ុន HMD Global គឺជាម្ចាស់ផលិតទូរសព្ទដៃម៉ាក Nokia ដែលមាន Nokia 6 ដើរដោយប្រព័ន្ធ Android គឺជាសមិទ្ធផលស្មាតហ្វូនមុនដំបូងគេបង្អស់របស់ក្រុមហ៊ុននៃប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ។ ក្នុងនោះដែរ Nokia 150 ផលិតនៅវៀតណាមក៏ជាចំណែកមួយក្រុមហ៊ុនផងដែរ៕

HMD Global ជានរណា?

តាមពិតទៅ​ ក្រុមហ៊ុនដែលកំពុងផលិត និងគ្រប់គ្រងលើអាជីវកម្មទូរសព្ទដៃម៉ាក Nokia ដើរដោយប្រព័ន្ធ Android បច្ចុប្បន្ន គឺជាអតីតក្រុមថ្នាក់ដឹកនាំការអភិវឌ្ឍទូរសព្ទដៃ Nokia កាលពីមុន ជាពិសេសលើផ្នែក Software តែម្តង រហូតគេអាចនិយាយបែបម្យ៉ាងបានថា HMD Global គឹជា DNA របស់ក្រុមហ៊ុន Nokia។ ម្លោះហើយ ដើម្បីចង់ស្តារកិត្យានុភាពម៉ាកសញ្ញានេះឡើងវិញ ទើបក្រុមហ៊ុនដែលមានស្នាក់ការក្នុងប្រទេសហ្វាំងឡង់នៅពីមុខក្រុមហ៊ុន Nokia នោះ សម្រេចចិត្តទិញយកសិទ្ធិផលិត និងធ្វើអាជីវកម្មលើទូរសព្ទ និងថេប្លេតម៉ាក Nokia រយ:ពេល ១០ ឆ្នាំដូច្នេះ៕

មតិយោបល់