ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត! កុំព្យូទ័រយួរដៃកូនកាត់ Dell បំពាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែដំបូងបង្អស់របស់ពិភពលោក ចេញលក់ថ្ងៃនេះហើយ!

ក្រោយពីតាំងបង្ហាញនៅឯពិព័រណ៍ CES កាលពីដើមឆ្នាំ នៅទីបំផុតទៅ កុំព្យូទ័រយួរដៃប្រភេទកូនកាត់ថេប្លេត ដែលបំពាក់បច្ចេកវិទ្យាសាកថ្មដោយមិនចាំបាច់ដោតខ្សែចូលទៅក្នុងតួម៉ាស៊ីនដំបូងបង្អស់របស់ពិភពលោករបស់ក្រុមហ៊ុន Dell ឈ្មោះ Latitude 7285 ត្រូវបានប្រកាសចេញលក់នៅលើទីផ្សារចាប់ពីថ្ងៃនេះតទៅហើយ។

កុំព្យូទ័រស៊េរីថ្មីដ៏ទំនើបនេះ បំពាក់មកជាមួយអេក្រង់ប្រភេទប៉ះបញ្ជាទំហំ ១២.៣ អីុញ មានខ្នាតបញ្ចាំងរូបភាព ២៨៨០x១៩២០ ភិចសែល និងអមដោយកាមេរ៉ាមុខមួយសម្រាប់ប្រើជាមួយមុខងារថតសម្គាល់ផ្ទៃមុខ Windows Hello សម្រាប់ដោះសោចូលទៅកាន់កម្មវិធី។

Dell Latintude 7285 ប្រើបន្ទះឈីប CPU របស់ក្រុមហ៊ុន Intel ជំនាន់ Core i5-7Y54​ អមដោយ RAM ទំហំ ៨ ជីហ្គាបៃយ៍ និងអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ ១២៨​ ជីហ្គាបៃយ៍ ព្រមទាំងមានរន្ធ USB Type-C ប្រភេទ Thunderbolt 3 ចំនួន ២ រន្ធស៊កមេម៉ូរីកាតប្រភេទ MicroSD មួយ រន្ធស៊កស៊ីមកាតមួយ និងរន្ធកាសមួយ។

ក្រុមហ៊ុន Dell បានឱ្យដឹងថា បច្ចេកវិទ្យាសាកថ្មឥតខ្សែដែលខ្លួនយកទៅបំពាក់ឱ្យកុំព្យូទ័រស៊េរីថ្មីនេះ គឺមានការចាប់ដៃគូសហការជាមួយក្រុមហ៊ុន WiTricity ហើយវាអាចផ្ទេរបន្ទុកអគ្គិសនីចូលទៅកាន់ថ្មកុំព្យូទ័រយ៉ាងមានប្រសិទ្ធភាពដោយមិនចាំបាច់ប្រើខ្សែ ជាមួយកម្លាំងថាមពល ៣០ វ៉ាត់។

Latintude 7280 ត្រូវបានដាក់លក់ក្នុងតម្លៃ ១,២០០ ដុល្លារ​ (មិនទាន់គិតពន្ធនាំចូល) ដោយមិនទាន់គិតបន្ទះក្តារចុចសាកថ្មឥតខ្សែ និងឆ្នាំងសាកឥតខ្សែ។ ពោលគឺ បើចង់បានឧបករណ៍ទាំងពីរនេះ ប្រិយមិត្តត្រូវចំណាយលុយ ៥៨០ ដុល្លារបន្ថែមទៀត ដោយ ៣៨០ ដុល្លារ ទៅលើក្តារចុច និង​ ២០០ ដុល្លារ ទៅលើឆ្នាំងសាក៕

ប្រភពព័ត៌មានៈ mashable

មតិយោបល់