ព័ត៌មានបច្ចេកវិទ្យា

វិធីបង្កើតវេទិកាហៅទូរស័ព្ទចេញជាក្រុម គ្នាដល់ ៥០ នាក់ តាមកម្មវិធី Messenger

លោកអ្នកដែលប្រើប្រាស់ Messenger ប្រហែលជាមើលរំលងនូវមុខងារដ៏ពិសេសមួយដែលក្រុមហ៊ុន Facebook បានបើកឱ្យប្រើប្រាស់នៅលើស្មាតហ្វូនដំណើរការដោយប្រព័ន្ធ iOS និង Android កាលពីខែមេសា។ មុខងារពិសេសនោះ មានឈ្មោះថា Group Voice Calls ដែលវាអនុញ្ញាតឱ្យលោកអ្នកបង្កើតវេទិកាហៅទូរស័ព្ទឆ្លងឆ្លើយជាសំឡេងបានយ៉ាងងាយស្រួល និងដោយសេរី ជាមួយមិត្តភក្តិក្នុង Facebook រហូតដល់ ៥០ នាក់។
ដើម្បីឱ្យលោកអ្នកទទួលបានភាពរីករាយពីមុខងារដ៏វិសេសវិសាលនេះ Post Tech សូមបង្ហាញជូនពីវិធីប្រើប្រាស់របស់វាដូចខាងក្រោម៖

លក្ខខណ្ឌអនុវត្ត៖

– ទូរស័ព្ទដើរដោយប្រព័ន្ធប្រតិបត្តិការ iOS និង Android ជំនាន់ថ្មីៗ
– កម្មវិធី Messenger ជំនាន់ក្រោយៗ
– ទូរស័ព្ទត្រូវភ្ជាប់ប្រព័ន្ធអិុនធើណែត

របៀបអនុវត្ត៖

១- ទាញយកកម្មវិធី Messenger (បើមិនទាន់មាន) ពីក្នុង AppStore (សម្រាប់ iPhone ឬ iPad) ឬពី Play Store (សម្រាប់ទូរស័ព្ទប្រភេទ Android) ទៅដំឡើងប្រើនៅលើទូរស័ព្ទរបស់លោកអ្នក។

២- បង្កើតក្រុមជជែកកម្សាន្ត (Group chat) មួយ សម្រាប់ធ្វើការនិយាយឆ្លងឆ្លើយគ្នាជាក្រុមដោយ៖
– បើកកម្មវិធី Messenger រួចចុចលើរូបសញ្ញា Groups ហើយចុចលើរូបសញ្ញា Add
– វាយបញ្ចូលឈ្មោះក្រុមរបស់អ្នក
– បន្ទាប់មក បញ្ជីរាយនាមមិត្តភក្តិក្នុង Facebook របស់អ្នក នឹងបង្ហាញឡើង
– សូមចុចប៉ះលើឈ្មោះមិត្តភក្តិណាដែលលោកអ្នកចង់និយាយទូរស័ព្ទឆ្លើយឆ្លងជាមួយ
– បន្ទាប់ពីរើសរួចរាល់ហើយ សូមចុចប៉ះលើ CREATE GROUP នៅខាងលើអេក្រង់ ជាការស្រេច។

៣- បន្ទាប់ពីបង្កើតក្រុម និងបញ្ចូលមិត្តភក្តិ Facebook រួចរាល់ លោកអ្នកអាចធ្វើការជជែកឆ្លងឆ្លើយជាមួយពួកគេបានហើយ ដោយគ្រាន់តែចូលទៅកាន់ឈ្មោះ Group ដែលទើបបង្កើតឡើង ឬក៏ Group ចាស់ណាមួយ រួចចុចលើរូបសញ្ញាទូរស័ព្ទនៅខាងក្រោម ហើយចុច START CALL ជាការស្រេច។ បញ្ជាក់ៈ បើសមាជិកក្នុង Group មានគ្នាលើសពី ៥០ នាក់ រូបសញ្ញាទូរស័ព្ទមិនបង្ហាញឡើងឡើយ៕

មតិយោបល់