យោងតាមរបាយការណ៍ថ្មីមួយពី KGI Securities បានឱ្យដឹងថា ក្រុមហ៊ុន Apple នឹងប្រកាសចេញ iPhone ៣ ម៉ូឌែលព្រមគ្នានៅខែក្រោយ ដោយពីរម៉ូឌែលគឺ iPhone 7s និង 7s Plus នឹងបំពាក់អេក្រង់ LCD ទំហំ ៤.៧ អីុញ និង ៥.៥ អីុញ ឯមួយម៉ូឌែលទៀតគឺ iPhone 8 នឹងបំពាក់អេក្រង់ OLED ទំហំ ៥.៨ អីុញ។
ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុដ៏ល្បីល្បាញនេះ បានព្យាករណ៍ឃើញថា ថ្វីត្បិតតែ iPhone 8 នឹងចេញដំណាលគ្នាក្នុងខែកញ្ញា ជាមួយ iPhone 7s និង 7s Plus ក្តី ប៉ុន្តែ វានឹងអាចបំពេញតម្រូវការទីផ្សារក្នុងបរិមាណកម្រិតដ៏តិចតួចមួយ។
របាយការណ៍របស់ KGI បានឱ្យដឹងបន្ថែមថា តាមការរំពឹងទុកពីមុន iPhone ដែលបំពាក់អេក្រង់ OLED ដំបូងបង្អស់របស់ក្រុមហ៊ុន Apple នេះ នឹងចាប់ផ្តើមចង្វាក់ផលិតកម្មនៅពាក់កណ្តាលខែកញ្ញា ជាជាងនៅពាក់កណ្តាល ឬចុងខែតុលា ប៉ុន្តែ វានឹងផលិតចេញត្រឹម ២-៤ លានគ្រឿង ឬក៏តិចជាងនេះ សម្រាប់អំឡុងត្រីមាសទី ៣ ឆ្នាំនេះ។
KGI បានព្យាករណ៍ឃើញទៀតថា ក្រុមហ៊ុន Apple នឹងព្យាយាមរក្សា iPhone 8 ឱ្យបន្តមានក្នុងស្តុក នៅក្នុងរដូវវិសមកាល (ចុងឆ្នាំ) និងរហូតដល់ដើមឆ្នាំក្រោយ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ការព្យាករណ៍ថ្មីនេះ គឺខុសស្រឡះពីរបាយការណ៍កន្លងមកដែលថា នៅមុនបំណាច់ឆ្នាំ iPhone 8 នឹងអាចផលិតចេញសម្រាប់ចែកចាយលក់លើទីផ្សារក្នុងចំនួនពី ៤៥-៥០ លានគ្រឿង ហើយ iPhone 7s និង 7s Plus នឹងអាចផលិតចេញបានចំនួនពី ៣៥-៣៨ លានគ្រឿង និង ១៨-២០ លានគ្រឿង។
KGI ក៏បានអះអាងផងដែរថា iPhone 8 នឹងមានជម្រើស ៣ ពណ៌: ខ្មៅ ប្រាក់ និងមាស តិចជាង ម៉ូឌែលបច្ចុប្បន្ន ដែលមានជម្រើសពណ៌រហូតដល់ទៅ ៥ គឺខ្មៅរលោង ខ្មៅក្រិប មាស ផ្កាឈូក ប្រាក់ និងក្រហម៕
ប្រភពព័ត៌មានៈ 5to9mac
មតិយោបល់