ព័ត៌មានបច្ចេកវិទ្យា

រថយន្តទំនើប Audi Q7 e-tron មានបញ្ហាមិនអាចដឹកជញ្ជូនបាន

រថយន្ត Audi Q7 e-tron បានចាប់ដាក់លក់កាលពីខែ កក្កដា ឆ្នាំ ២០១៦ ប៉ុន្តែ ចំពោះអ្នកកម្មង់ទិញរថយន្តស៊េរីចង្កូតស្តាំនេះ គឺមិនទាន់ទទួលបានរថយន្តរបស់ពួកគេទេ។

រថយន្តទាំងនោះ ត្រូវបានផលិត និងបានដឹកជញ្ជូនទៅកាន់សាខាចែកចាយក្នុងចក្រភពអង់គ្លេសរួចរាល់ហើយ ប៉ុន្តែពួកគេមិនទាន់បញ្ចេញទៅឲ្យម្ចាស់ទំនិញនៅឡើយទេ។ រថយន្តមួយចំនួន គឺមានភាពយឺតយាវប្រមាណបីខែទៅហើយ។

អ្នកកម្មង់ទិញ បានធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុន Audi ហើយកំពុងតែរង់ចាំការដឹកជញ្ជូនទំនិញទៅឲ្យពួកគេ ក្រោយថ្ងៃកំណត់។

យោងតាមគេហទំព័រ What Car? អ្នកទិញបានលើកឡើងថា គេបានធ្វើការកម្មង់ទិញរថយន្តនេះតាំងពីខែមិថុនា ហើយថ្ងៃដែលត្រូវដឹកជញ្ជូនឲ្យ គឺក្នុងខែកញ្ញា ប៉ុន្តែ គាត់មិនបានសូម្បីតែលិខិតស្នាមនៃការកម្មង់ទិញ។

សេចក្តីថ្លែងការផ្សេងទៀតថា រថយន្តរបស់គាត់ត្រូវបានទទួលស្គាល់ថា ផលិតដោយរោងចក្រ និងបញ្ចេញសម្រាប់ការដឹកជញ្ជូនក្នុងខែសីហា ប៉ុន្តែ ស្រាប់តែពេលនោះ ក៏មានការពន្យាពេលសម្រាប់រថយន្ត Q7 e-trons ចង្កូតស្តាំ ចំនួន ៣៤ គ្រឿង។

ចំពោះអ្នកទិញវិញ បានសម្តែងការគួរសមក្នុងការរង់ចាំ ប៉ុន្តែ ពួកគេមិនដឹងថាពេលណានឹងទទួលបានរថយន្តដែលគេបានកម្មង់ទិញនោះទេ។

ក្រុមហ៊ុន Audi បានប្រាប់ថា ការពន្យាពេលនេះ គឺដោយសារសម្ភារ:ផ្គត់ផ្គង់មានបញ្ហាជាមួយការដំឡើងរថយន្តចង្កូតស្តាំរបស់ Audi Q7 e-tron។

អ្នកនាំពាក្យក្រុមហ៊ុន Audi បានប្រាប់ថា ក្រុមហ៊ុនសូមសម្តែងការសោកស្តាយសម្រាប់ការបង្អាក់ដំណើរការនៃការដឹកជញ្ជូនសម្រាប់រថយន្តនេះ។ ពួកយើងកំពុងតែធ្វើគ្រប់វិធីដើម្បីធ្វើឲ្យដំណើរការនេះវិលត្រលប់មកដូចដើមវិញ ហើយខ្លួននឹងសរសេរលិខិតទៅកាន់អតិថិជនដែលត្រូវបានរងផលប៉ះពាលចំពោះការយឺតយាវក្នុងពេលឆាប់ៗនេះ។

រថយន្ត Audi Q7 e-tron គឺជារថយន្តប្រភេទទេសចរណ៍ធំជាងគេរបស់ក្រុមហ៊ុន Audi និងជាគូប្រជែងជាមួយរថយន្ត BMW X5, Land Rover Discovery និង Volvo XC90។ រថយន្ត e-tron គឺជាប្រភេទរថយន្ត hybrid នៃម៉ូដែល Audi Q7 វាប្រើប្រាស់ម៉ាស៊ីន V6 ចំណុះ ៣.០ លីត្រ រួមជាមួយ ម៉ាស៊ីនអគ្គីសនី ព្រមទាំងមានបំពាក់បច្ចេកវិជ្ជាកាត់បន្ថយការបំភាយឧស្ម័ន CO2 ថែមទៀតផង៕

មតិយោបល់