ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ចែ សុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរជនសង្ស័យឈ្មោះ ហ៊ត ចិន ដែលមានការពាក់ព័ន្ធករណី ផលិតក្រដាសពន្ធ និងសម្ភារៈពាក់ព័ន្ធនឹងពន្ធដាក្លែងក្លាយ។
គួររំឭកផងដែរថា ជនសង្ស័យឈ្មោះ ហ៊ត ចិន អាយុ២១ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី៣ ផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនៅចំណុច ដីឡូតិ៍មួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ គ្រាដែលជនសង្ស័យកំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FB-7917។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូត ឯកសារពាក់ព័ន្ធនឹងពន្ធដាក្លែងក្លាយមួយចំនួនរួមមាន៖ ប័ណ្ណបើកបរចំនួន២០ច្បាប់ ,ប័ណ្ណ ត្រួតពិនិត្យបច្ចេកទេសរថយន្ត (ឈៀក) ចំនួន១ច្បាប់ ,ពន្ធនាំរថយន្តចូល(ម្ញ៉ែត) ចំនួន១៣ច្បាប់ ,ប័ណ្ណ សម្គាល់ យានយន្ត (កាតគ្រី) ចំនួន៦ច្បាប់,ប័ណ្ណបង់ពន្ធមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ចំនួន១៥ច្បាប់ រួមនិងសម្ភារៈសម្រាប់ផលិតក្រដាសពន្ធក្លែងក្លាយមួយចំនួនធំ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ ហ៊ត ចិន បានសារភាពថា រូបគេបានផលិត និងក្លែងឯកសារសាធារណៈ ក្លែងត្រា ប្រើប្រាស់ ឯកសារក្លែងក្លាយបែបនេះអស់រយៈពេល៧ខែមកហើយ ដោយរូបគេបានទៅរៀន និងទិញម៉ាស៊ីនផលិត មកពីប្រទេសវៀតណាម ក្នុងតម្លៃប្រហែលជាង១ម៉ឺនដុល្លារ។ របាការណ៍ដដែលបញ្ជាក់ថា ក្រោយរូបគេផលិតបានឯកសារក្លែងក្លាយទាំងអស់គ្រប់ចំនួនកំណត់តាមតម្រូវការភ្ញៀវរួច រូបគេយកទៅឲ្យភ្ញៀវក្នុងតម្លៃពី ១០០០ដុល្លារ ទៅ២៥០០ ដុល្លារ និងមានតម្លៃផ្សេងៗទៀតទៅតាមឯកសារជាក់ស្តែង។
រហូតមកដល់ម៉ោងប្រមាណជា១១ថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ តំណាងអយ្យការនៅមិនទាន់សម្រេចចោទប្រកាន់លើជនសង្ស័យនៅឡើយនោះទេ៕
មតិយោបល់