ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ប្រណិត OEM Gionee បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ក្រោមវត្តមានទូរស័ព្ទដៃទំនើបស៊េរីប្រណិតថ្មីរបស់ខ្លួន ម៉ូដែល M2017 ដែលបានពាំនាំមកជាមួយរចនាបថដ៏គួរឱ្យទាក់ទាញ និងមានតែមួយគត់ ព្រមជាមួយសមត្ថភាពខ្ពស់គ្មានគូប្រៀប។
ក្រៅពីការរូបរាងដ៏ល្អវិចិត្រចាប់តាំងពីគែមខាងក្រោម រហូតដល់គែមខាងលើ M2017 បំពាក់អេក្រង់ខ្នាត QHD ប្រភេទ AMOLED ទំហំ ៥.៧ អីុញ មានគែមសងខាងកោង ស្រដៀង Galaxy S7 Edge។ មិនតែប៉ុណ្ណោះ វាមានបន្ទះស្គេនក្រយ៉ៅដៃបំពាក់លើប៊ូតុង Home ប្រើបន្ទះឈីប Snapdragon 653 ដែលភ្ជាប់ជាមួយអង្គប្រតិបត្តិជំនាន់ Octa-core អមដោយអង្គចងចាំបណ្តោះអាសន្នទំហំ 6/4 GB និងអង្គចងចាំជាប់ម៉ាស៊ីនទំហំ 256/128 GB។
កាន់តែអស្ចារ្យជាងនេះ Gionee M2017 ដើរដោយប្រព័ន្ធ Android 7.0 និងផ្ទាំងកម្មវិធីប្រើប្រាស់ Amigo 3.5 ព្រមជាមួយថ្មដែលមានថាមពលរហូតដល់ ៧,០០០ mAh ខណៈថ្មស្មាតហ្វូនទូទៅមានថាមពលខ្ពស់បំផុតត្រឹម ៤,០០០ mAh។ ម្យ៉ាងទៀត វាក៏មានភ្ជាប់មកជាមួយផងដែរនូវបច្ចេកវិជ្ជាសាកថ្មរហ័ស និងរន្ធ USB-C។
ដោយឡែក កំពូលទូរស័ព្ទដ៏ប្រណិតទើបនឹងលេចមុខនេះ នឹងមានការផលិតចេញក្នុងចំនួនកំណត់មួយ ហើយវានឹងដាក់លក់ក្នុងតម្លៃ ៦,៩៩៩ យ៉ន ឬស្មើនឹង ១,០០០ ដុល្លារ៕
ប្រភពព័ត៌មាន៖ 9to5google
មតិយោបល់