នៅទីបំផុតទៅ ថៅកែក្រុមហ៊ុនមហាយក្ស Amazon លោក Jeff Bezos អាចប្រជែងយកតំណែងមហាសេដ្ឋីមានជាងគេបំផុតលើពិភពលោកពីលោក Bill Gates បានម្តងទៀតហើយ នៅថ្ងៃសុក្រកន្លងទៅនេះ គឺបន្ទាប់ពីទ្រព្យសម្បត្តិលោកកើនជិត ៧ ពាន់លានដុល្លារបន្ថែម។
យោងតាមការគណនារបស់បណ្តាញសារព័ត៌មាន CNBC និងទិន្នន័យសន្ទស្សន៍ចំណាត់ថ្នាក់មហាសេដ្ឋីរបស់បណ្តាញសារព័ត៌មាន Bloomberg បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ តម្លៃហ៊ុនក្រុមហ៊ុន Amazon មានការស្ទុះឡើង ក្រោយពីរបាយការណ៍ចំណូលក្រុមហ៊ុនចេញផ្សាយជាសាធារណៈ ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់លោក Bezos បានកើនឡើងដល់ជាង ៩០ ពាន់លានដុល្លារ។
នៅថ្ងៃជាមួយគ្នានោះដែរ តម្លៃស្តុកក្រុមហ៊ុន Microsoft ក៏មានការកើនឡើងចំនួន ៥៥០ លានដុល្លារផងដែរ ក្រោយពីក្រុមហ៊ុនបញ្ចេញរបាយការណ៍ចំណូលរបស់ខ្លួន ប៉ុន្តែ នៅតែទាបជាងក្រុមហ៊ុនផ្សារលក់ទំនិញអនឡាញ ដោយសុរបមានត្រឹម ៨៨.៥ ពាន់លានដុល្លារ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយរបស់លោក Bezos ទេ ដែលបានក្លាយជាបុរសមានជាងគេបំផុតលើលោកនោះ។ នៅក្នុងខែកក្កដា ទ្រព្យសម្បត្តិរបស់លោក ធ្លាប់បានកើនលើសលោក Bill Gates ម្តងរួចទៅហើយ តែមួយថ្ងៃក្រោយមក លោក Gates ក៏អាចដណ្តើមបានមកវិញ៕
ប្រភពព័ត៌មានៈ usatoday
មតិយោបល់