ព័ត៌មានបច្ចេកវិទ្យា

Apple និង Tim Cook អបអរទិវាមោទនភាពភេទទី​ ៣ តាមទីក្រុងនៅជុំវិញពិភពលោក

ក្រុមហ៊ុន Apple រួមទាំងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផងនោះ នៅសប្តាហ៍នេះ បានប្រារព្ធទិវាមោទនភាពមនុស្សភេទទី៣ ឬហៅថាខ្ទើយ យ៉ាងឱឡារឹក ក្នុងទីក្រុងផ្សេងៗនៅជុំវិញពិភពលោក រាប់បញ្ចូលទាំងទីក្រុង San Francisco, New York, និង Toronto។
ដូចជាឆ្នាំកន្លងទៅផងដែរ បុគ្គលិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស បានចេញដើរក្បូនដង្ហែរតាមដងផ្លូវ ក្នុងសម្លៀកបំពាក់អាវយឺតរំលេចរូបសញ្ញា Apple ពណ៌ឥន្ទនូ ជាមួយអក្សរ #ApplePride និងបានសរសេរសារជំរុញទឹកចិត្តអ្នកស្រឡាញ់ភេទដូចគ្នាឱ្យហ៊ានចេញមុខ និងមានមោទនភាពលើខ្លួនឯង “Out and Proud” ជាដើម។

ប្រធានក្រុមហ៊ុន Apple គឺលោក Tim Cook ដែលបានចូលរួមក្នុងទិវា Pride2017 តាមរយៈទំព័រ Twitter ផ្លូវការរបស់លោកដោយការផ្ញើសារដោយដាក់ថា “រីករាយទិវាមោទនភាពភេទទីបី សម្រាប់បុគ្គលិករបស់យើងទាំងអស់ ក្រុមគ្រួសាររបស់ពួកគេ និងអតិថិជននានានៅជុំវិញពិភពលោក”។
សូមរំឭកថា ក្រុមហ៊ុន Apple បានផ្តួចផ្តើម និងចេញមុខគាំទ្រក្រុមមនុស្ស LGBTQ យ៉ាងសកម្មពីរបីឆ្នាំកន្លងមកហើយ គឺបន្ទាប់ពីលោក Cook បានប្រកាសជាសាធារណៈនៅក្នុងឆ្នាំ ២០១៤ ថាលោកគឺជាបុរសស្រឡាញ់បុរស ឬហៅថា Gay៕

ប្រែសម្រួលៈ សេង, ប្រភពព័ត៌មានៈ 9to5mac

មតិយោបល់