ព័ត៌មានបច្ចេកវិទ្យា

ការលក់របស់ Huawei P9/ P9 Plus ហក់ដល់កំណត់ត្រាថ្មី ជាង ១០ លានគ្រឿង លើទីផ្សារសកល

ក្រុមហ៊ុន Huawei បានប្រកាសថា ការលក់ទូរស័ព្ទដៃទំនើបម៉ូដែល P9 និង P9 Plus របស់ខ្លួន បានកើនដល់ជាង ១០ លានគ្រឿង នៅលើទីផ្សារសកល ដែលនាំឱ្យពួកវាក្លាយជាស៊េរីទូរស័ព្ទលំដាប់កំពូលដំបូងគេបង្អស់របស់ក្រុមហ៊ុន ដែលបានហក់ដល់កំណត់ត្រាលក់ថ្មីនេះ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោក Richard Yu នាយកប្រតិបត្តិក្រុមហ៊ុន Huawei ផ្នែក Consumer Business Group (CBG) នៅក្នុងសន្និសិទ្ធកាសែតមួយ នាថ្ងៃម្សិលមិញនេះ។ លោក Yu បន្ថែមថា៖ «ស្មាតហ្វូនបំពាក់កាមេរ៉ាភ្លោះទាំងពីរ បានប្រកាសចេញលើកដំបូងក្នុងខែមេសា ឆ្នាំ ២០១៦ ជាស្មាតហ្វូលំដាប់កំពូលរបស់ក្រុមហ៊ុន Huawei ដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុនផលិតកាមេរ៉ាអាល្លឺម៉ង់ដ៏ល្បីល្បាញ Leica»។
លោក Yu បន្តថា៖ «តាមរយៈភាពជាដៃគូដ៏ខ្លាំងក្លានេះហើយ ដែលបានបង្កើតចេញនូវបច្ចេកវិជ្ជាកាមេរ៉ាស្មាតហ្វូនទំនើបឈានមុខគេថ្មីមួយ អាចផ្តល់បទពិសោធន៍នៃការថតរូបបែបអាជីពទៅដល់អ្នកប្រើប្រាស់»។

គួររំឭកថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយនេះ ក៏បានបង្ហាញរួចទៅហើយផងដែរនូវលទ្ធផលនៃការលក់ស្មាតហ្វូនរបស់ខ្លួនក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំ ២០១៦ ដែលមានចំនួនរហូតដល់ ៣៣.៥៩ លានគ្រឿង កើនប្រហែល ២៣% ធៀបនឹងឆ្នាំមុន ហើយក្នុងនោះ ៤៤% ជាស្មាតហ្វូនលំដាប់ថ្នាក់កណ្តាល និងកំពូល៕
ប្រភពព័ត៌មាន៖ huawei

មតិយោបល់