ស្មាតហ្វូនលំដាប់កំពូល រចនាបទយ៉ាងល្អប្រណិត និងផលិតឡើងដោយក្រុមហ៊ុន Essential ដឹកនាំដោយស្ថាបនិកប្រព័ន្ធប្រតិបត្តិការ Android គឺលោក Any Robin នឹងតាំងបង្ហាញជាផ្លូវការនៅឯព្រឹត្តិការណ៍មួយឈ្មោះ “First Look” នាថ្ងៃទី ២៥ សីហា បន្ទាប់ពីវា ត្រូវបានប្រកាសចេញកាលពីចុងខែឧសភា។
ទោះបីជាកន្លងមក លោក Rubin បានសន្យាថា ស្មាតហ្វូនម៉ូឌែលដំបូងរបស់ខ្លួន នឹងចែកចាយលក់នៅលើទីផ្សារក្រោយការប្រកាសចេញមួយ ឬពីរសប្តាហ៍ក៏ដោយ ក៏រហូតមកទល់ពេលនេះ គេពុំទាន់ឃើញវត្តមានរបស់វាដាក់លក់សម្រាប់មហាជននៅឡើយ។
ទោះយ៉ាងណា នៅប៉ុន្មានថ្ងៃមុននេះ បុគ្គលិកក្រុមហ៊ុន បានគូសបញ្ជាក់ថា ស្មាតហ្វូនរបស់ពួកគេកំពុងឋិតក្នុងដំណើរការផលិតទ្រង់ទ្រាយធំហើយ ហើយថា ពួកគេគ្រោងនឹងប្រកាសថានៅពេលណាវាចេញលក់ នៅសប្តាហ៍ក្រោយ។
យោងតាមប្រភពព័ត៌មានពី Phone Arena ស្មាតហ្វូនដ៏ទំនើបម៉ាកថ្មីដែលមានសមត្ថភាពកប់ស៊េរី មិនចាញ់កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និង Samsung មួយម៉ូឌែលនេះ នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ “First Look” ថ្ងៃទី ២៥ សីហា នាទីក្រុង Los Angeles សហរដ្ឋអាមេរិក ហើយក្នុងឱកាសនោះ អ្នកចូលរួមអាចមើល និងធ្វើការតេស្តប្រើប្រាស់សាកល្បងបាន។
ដោយឡែក គេពុំដឹងច្បាស់ទេថា តើក្រុមហ៊ុនបានអញ្ជើញភ្ញៀវពីមជ្ឈដ្ឋានណាឱ្យទៅចូលរួមនៅឡើយទេ ខណៈប្រព័ន្ធផ្សព្វផ្សាយហាក់មិនទាន់បានទទួលលិខិតនោះនៅឡើយ ដែលនេះអាចឱ្យគេទាញការសន្និដ្ឋានបានថា ព្រឹត្តិការណ៍តាំងបង្ហាញនោះ គឺរៀបចំឡើងសម្រាប់តែអតិថិជនប៉ុណ្ណោះ៕
ប្រភពព័ត៌មានៈDroid-life
មតិយោបល់