ព័ត៌មានបច្ចេកវិទ្យា

Sony ប្រកាសចេញកាមេរ៉ា Cyber-shot HX350 បំពាក់កាណុង 50x តម្លៃ ១.៩ លានរៀល

ក្រុមហ៊ុន Sony បានប្រកាសចេញកាមេរ៉ាប្រភេទ Cyber-shot ម៉ូដែល HX350 ដែលភ្ជាប់មកជាមួយកាណុង មានសតម្ថភាពយឹតរូបភាពយ៉ាងអស្ចារ្យ នៅលើទីផ្សារអឺរ៉ុប ហើយថានឹងដាក់លក់ក្នុងតម្លៃ ៤៤៩ អឺរ៉ូ ឬស្មើនឹង ១.៩ លានរៀល នៅខែក្រោយ។

Sony Cyber-shot HX350 ប្រើប្រាស់អង្គញាណកាមេរ៉ាប្រភេទ Exmor R CMOS ទំហំ ២០.៤ មេហ្គាភិចសែល ភ្ជាប់ដោយបច្ចេកវិជ្ជាបង្កើនពន្លឺ BSI និងប្រើប្រាស់អង្គប្រតិបត្តិរូបភាព BIONZ X ជំនាន់ចុងក្រោយ។ កម្រិត ISO របស់វា មានចម្លោះពី ៨០-៣២០០ និងអាចបង្កើនដល់ ១២៨០០ តាមមុខងារពហុហ្វ្រេម NR។ HX350 ប្រើកាណុងថតពីរជាន់ ប្រវែង ២៤ និង ១២០០ មីល្លីម៉ែត្រ (ស្មើនឹងកាណុងកាមេរ៉ាប្រភេទ ៣៥ មីល្លីម៉ែត្រ) ជាមួយភ្នែកកាមេរ៉ាទំហំ f/2.8-6.3 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់យឹតថតរូបឋិតនៅទីជិតឆ្ងាយបានរហូតដល់ទៅ ៥០ តង់។

បន្ថែមពីលើនេះ វាក៏មានបំពាក់កងបង្វិលក្បែរដៃសម្រាប់ផ្តល់នូវភាពងាយស្រួលក្នុងការយឹតរូបភាព ឬថតផ្ចង់លើវត្ថុចុះឡើងដោយរលូន ហើយក៏មានប៊ូតុងបញ្ជា PASM មួយឈុតផងដែរ។
កាមេរ៉ា Cyber-shot ដែលបំពាក់អេក្រង់ទំហំ ៣ អីុញ និងអាចបត់ឡើងចុះបាននេះ មានមុខងារសម្រាប់ថតរូបជាប់រដាស់គ្នា ១០ ប៉ុស្តិ៍/ចុច និងអាចថតវីដេអូខ្នាត Full HD ឬ 1080p ក្នុងល្បឿន 60fps (៦០ ប៉ុស្តិ៍/វិនាទី)។

ដោយឡែក វាមិនមានបំពាក់ប្រព័ន្ធ Bluetooth, Wi-Fi, ឬ NFC នោះទេ គឺមានតែរន្ធ USB-2.0, Micro-HDMI ប៉ុណ្ណោះ៕

ប្រភពព័ត៌មាន៖ thegud1

មតិយោបល់