កម្មវិធី Jailbreak ថ្មីមួយសម្រាប់ប្រព័ន្ធ iOS 10.1.1 កំពុងត្រូវបានដាក់ចេញឱ្យទាញយកហើយ ក្នុងទម្រង់ជាជំនាន់សាកល្បង (beta)។
កម្មវិធីនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមដែលតាំងខ្លួនជាអ្នកកម្ទេចសោទ្វារចូលទៅក្នុងប្រព័ន្ធកម្មវិធី iOS ឈ្មោះ Luca Todesco ហើយវានឹងគាំទ្រគ្រប់ឧបករណ៍ iOS ជំនាន់ 10.1.1 ប៉ុន្តែ តាមរយៈជំនាន់សាកល្បងដំបូងនេះ វាអាចប្រើប្រាស់បានតែនៅលើ iPhone 7, iPhone 6s, និង iPad Pro ប៉ុណ្ណោះ។
កម្មវិធី Jailbreak នេះ គឺមានឈ្មោះថា Yalu។ មែនទែនទៅ វាចេញតាំងពីមួយសប្តាហ៍មុនមកម្លេះ ប៉ុន្តែ វាមិនទាន់អាចគាំទ្រជាមួយកម្មវិធី Cydia បាន លុះមកដល់ជំនាន់ដែលកំពុងដាក់ឱ្យទាញយកនាពេលនេះ។ Yalu មានទម្រង់ឯកសារជាប្រភេទ .ipa ហើយវាអនុញ្ញាតឱ្យលោកអ្នកដំឡើងក្នុង iPhone ឬ iPad បានដោយផ្ទាល់តាមកម្មវិធី iTunes លើម៉ាស៊ីនកុំព្យូទ័រ។ បន្ទាប់មក គ្រាន់តែបើកដំណើរការវា រួចចុច Enable Jailbreak នោះវានឹងដំណើរការ Jailbreak លើទូរស័ព្ទ ឬថេប្លេតរបស់អ្នក ដោយស្វ័យប្រវត្តិតែម្តង។
អ្នកប្រើប្រាស់ត្រូវបានណែនាំឱ្យរង់ចាំរហូតដល់ជំនាន់បន្ទាប់របស់វាចេញសិន ទើបជាការប្រសើរ និងគួរជាទីទុកចិត្តជាងជំនាន់សាកល្បងថ្មីថ្មោងនេះ ហើយបានក្រើនរំឭកឱ្យធ្វើការ Backup ឬទាញទិន្នន័យក្នុងទូរស័ព្ទទៅរក្សាទុកក្នុងទីសុវត្ថិភាពជាមុនសិន មុននឹងធ្វើការ Jailbreak ដើម្បីជៀសវាងការកើតមានកំហុសឆ្គងណាមួយ ដែលនាំឱ្យបាត់បង់ទិន្នន័យទាំងនោះ។
Todesco បានបង្ហោះសារលើបណ្តាញ Twitter របស់ខ្លួនដោយអះអាងថា កម្មវិធី Yalu v4.1 beta នេះ មិនមានបញ្ហាអ្វីទេ នៅពេលដែលគាត់ប្រើដើម្បី Jailbreak ទូរស័ព្ទ iPhone 7 របស់គាត់នោះ។ ទោះយ៉ាងណា នេះមិនអាចធានាបានថា iPhone ដទៃទៀតនឹងទទួលបានជោគជ័យដូចគ្នានោះទេ។ ប្រសិនបើចង់សាកល្បង លោកអ្នកអាចទាញយកកម្មវិធី Yalu ទីនេះបាន៕
ប្រភពព័ត៌មាន៖ cultofmac
មតិយោបល់