លោកប្រធានាធិបតីអាមេរិក Donald Trump ទើបចេញក្រឹត្យច្បាប់ថ្មីមួយនៅថ្ងៃច័ន្ទ នេះ បញ្ជាឱ្យបង្កើតក្រុមប្រឹក្សាបច្ចេកវិទ្យា ដើម្បីធ្វើការកែទម្រង់ និងធ្វើទំនើបកម្មរដ្ឋាភិបាលសហព័ន្ធនៃសហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
ក្រឹត្យថ្មីនោះដែរ បានសរសេរថា ក្រុមប្រឹក្សាបច្ចេកវិទ្យាអាមេរិក គឺបង្កើតឡើងក្នុងគោលបំណងដើម្បីសម្របសម្រួលយុទ្ធសាស្រ្តចក្ខុវិស័យ តម្រង់ទិសការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋាភិបាលសហព័ន្ធ និងផ្តល់នូវសេវាកម្មតាមបច្ចេកវិទ្យាព័ត៌មាន ឬ IT ។
បន្ថែមពីលើនេះ ក្រុមប្រឹក្សាថ្មី នឹងប្រើប្រាស់ប្រព័ន្ធ IT ដើម្បីផ្តល់ប្រឹក្សាចំពោះការសម្រេចចិត្តលើគោលនយោបាយផ្សេងៗ ប៉ុន្តែ វាមិនមានវិសាលភាពគ្របដណ្តប់លើប្រព័ន្ធសន្តិសុខជាតិណាមួយនោះទេ។
ក្រឹត្យនោះចែងបន្ថែមថា នាយកភ្នាក់ងារស៊ើបការសម្ងាត់ជាតិ នឹងត្រូវបានលើកទឹកចិត្តឱ្យផ្តល់នូវការចូលទៅកាន់ព័ត៌មានសម្ងាត់ទាក់ទងទៅនឹងការគម្រាមគំហែងលើសន្តិសុខបណ្តាញ ភាពងាយរងគ្រោះ និងមធ្យោបាយស្របច្បាប់ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្សេងៗ។
ក្រឹត្យច្បាប់នោះគូសបញ្ជាក់ថា លោក Donald Trump នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពីសមាជិករដ្ឋបាលផ្សេងៗរបស់លោក រាប់បញ្ជូលទាំងអនុប្រធានាធិបតី លោក Mike Pench រដ្ឋលេខាធិការក្រសួងការពារជាតិ និងពាណិជ្ជកម្ម រួមទាំងមន្ត្រីជាន់ខ្ពស់មកពីក្រុមហ៊ុនបច្ចេកវិទ្យាដទៃផ្សេងទៀត ដែលកំពុងធ្វើការក្នុងសេតវិមាន។
គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលទើបចូលកាន់មុខតំណែងប្រធានាធិបតីដំបូង ទំនាក់ទំនងរបស់លោក Donald Trump ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាគ្រាកៗអាមេរិក បានជួបភាពរកាំងរកូតនឹងគ្នាជាខ្លាំង ជាពិសេសទាក់ទងទៅនឹងគោលនយោបាយលើជនអន្តោប្រវេសន៍របស់លោក Trump តែម្តង។ ដូច្នេះ ការចេញក្រឹត្យច្បាប់ថ្មីនេះ អាចនឹងក្លាយជាការចាប់ផ្តើមទំព័រថ្មីនៃទំនាក់ទំនងរបស់គូភាគីដ៏មានឥទ្ធិពលទាំងសងខាង៕
មតិយោបល់