Porsche 911 Carera ស៊េរីឆ្នាំ ២០១៧ គឺជារថយន្តស្ព័រប្រភេទកៅអីពីរស៊េរីប្រណិតចុងក្រោយរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ ដែលត្រូវបានរចនារូបរាងឡើងកាន់តែល្អវិចិត្រចាប់តាំងពីក្បាលមុខ រហូតដល់គូដខាងក្រោយ និងស្របតាមរចនាបថខុសប្លែកពីគេ និងមានតែមួយគត់ក្នុងលោករបស់ក្រុមហ៊ុន។
ចង្កៀងមុខ និងស្តុបខាងក្រោយ ត្រូវបានរចនាឡើងថ្មី បំពាក់ជាមួយអំពូល LED ចំនួន ៤ គ្រាប់ក្នុងចង្កៀងនីមួយៗ ដែលធ្វើឱ្យវាមើលទៅកាន់តែទាក់ទាញតាមរចនាបថ Porsche។ ចំណែកផ្ទៃខាងក្នុង មានបំពាក់អេក្រង់ផ្តល់ប្រព័ន្ធព័ត៌មានកម្សាន្តថ្មីមួយ ដែលមានរួមផ្សំបញ្ចូលកម្មវិធី Apple CarPlay, Google Maps, និង Google Street View និងអាចប៉ះបញ្ជាបានយ៉ាងងាយស្រួលដូចជាអេក្រង់ស្មាតហ្វូនអីចឹងដែរ។ វាមានបំពាក់ផងដែរ នូវប្រព័ន្ថពោងខ្យល់សុវត្ថិភាពជុំវិញអ្នកបើកបរ និងអ្នកដំណើរដែលអាចប៉ោងឡើងពីរដំណាក់កាលអាស្រ័យតាមស្ថានភាពនៃការប៉ះទង្គិច មានប្រព័ន្ធហ្វ្រាំង PCCB ភ្ជាប់មកជាមួយថាសហ្វ្រាំងដែលមានក្រចាប់ប្រវែង ៣៣ មីល្លីម៉ែត្រ អនុញ្ញាតឱ្យវាអាចគ្រប់គ្រងល្បឿនរថយន្តលើដងផ្លូវក្នុងល្បឿន និងពេលបត់បែនបានប្រកបដោយទំនុកចិត្តខ្ពស់។
Porsche 911 Carera ស៊េរីឆ្នាំ ២០១៧ ដើរដោយម៉ាស៊ីន Turbo ភ្លោះមាន ៦ ស៊ីឡាំង ចំណុះ ៣.០ លីត្រ មានកម្លាំងថាមពលរហូតដល់ ៣៧០ សេះ និងកម្លាំងបង្វិលជុំ ៦,៥០០ ញ៉ូតុនម៉ែត្រ ហើយអាចបង្កើនល្បឿនពី ០ ដល់ ១០០ គ/ម ដោយប្រើថេរវេលាត្រឹមតែ ៤.៤ វិនាទីប៉ុណ្ណោះ។
រថយន្តស៊េរីកៅអីពីរនេះ ត្រូវបានដាក់លក់លើគេហទំព័ររបស់ក្រុមហ៊ុនក្នុងតម្លៃ ៨៩,៤០០ ដុល្លារឡើងទៅ៕
ប្រភពព័ត៌មាន porsche
មតិយោបល់