ព័ត៌មានបច្ចេកវិទ្យា

អតីតវិស្វ័ករក្រុមហ៊ុន Apple ផលិតប្រព័ន្ធកាមេរ៉ាឆ្លាតវៃផ្នែកខាងក្រោយមួយ ជំនួយដល់រថយន្តគ្រប់ប្រភេទ

ខណៈពេលដែលក្រុមហ៊ុន Apple និងក្រុមហ៊ុនផ្សេងទៀតកំពុងផ្តោតសំខាន់លើការផលិតរថយន្តស្វ័យបើកបររបស់ខ្លួន អតីតវិស្វករក្រុមហ៊ុន Apple បីរូប បានបើកដំណើរការក្រុមហ៊ុនថ្មីមួយឈ្មោះថា Pearl ក្នុងខែមិថុនា កាលពីឆ្នាំមុន។ ក្រុមហ៊ុនវ័យក្មេងនេះ បានផ្តោតសំខាន់តែលើការផលិតបច្ចេកវិជ្ជាជាន់ខ្ពស់សម្រាប់រថយន្តគ្រប់ប្រភេទប៉ុណ្ណោះ។
បច្ចុប្បន្នក្រុមហ៊ុននេះមានបុគ្គលិកជាង ៦០នាក់ ក្នុងចំណោមពួកគេមាន ៤០នាក់ ធ្លាប់ធ្វើការនៅក្រុមហ៊ុន Apple ។ ក្រុមហ៊ុន Pearl បានបង្កើតផលិតផលថ្មីមួយហៅថា ប្រព័ន្ធ RearVision ជាមួយប្រព័ន្ធកាមេរ៉ាថតទិដ្ឋភាពនៅផ្នែកខាងក្រោយរថយន្ត ដែលមានមានរាងសាមញ្ញដូចជាស្លាកលេខរថយន្តនេះ វាមានបង្កប់នូវកាមេរ៉ាគុណភាពខ្ពស់ និងបន្ទះសូឡាសម្រាប់អាចបង្កើតថាមពលអគ្គីសនីបានខ្លួនឯងដោយស្វ័យប្រវត្តិ។ ប្រព័ន្ធកាមេរ៉ានេះ គឺមានភាពងាយស្រួលក្នុងការដំឡើង និងតម្រូវឱ្យចាប់នៅជុំវិញស្លាកលេខ ជាមួយវីសតែប៉ុន្មានគ្រាប់ប៉ុណ្ណោះ។

វាមានដុំ ODB សម្រាប់ដោតចូលទៅរន្ធឆែកប្រព័ន្ធដំណើរការរថយន្ត និងតភ្ជាប់ទៅកាន់ទូរស័ព្ទតាមប្រព័ន្ធប៊្លូធូស ដើម្បីបង្ហាញទិដ្ឋភាពចាប់យកពីកាមេរ៉ាផ្នែកខាងក្រោយដោយផ្ទាល់ទៅលើអេក្រង់ទូរស័ព្ទដៃ។ នៅលើទូរស័ព្ទ វាត្រូវការកម្មវិធីមួយ ហើយកម្មវិធីនោះ មានមុខងារបង្ហាញរូបភាពធម្មតា និងរូបភាពក្នុងរង្វង់មុំធំទូលាយ សម្រាប់ផ្សាយបន្តផ្ទាល់ចេញ ដើម្បីធានាថាគ្មានវត្ថុនៅក្បែរ អាចនឹងប៉ះទង្គិចដល់រថយន្ត ខណៈពេលកំពុងបើករថយន្តថយក្រោយ។ ដុំ ODB ក៏ធ្វើការវិភាគនូវទិដ្ឋភាពជុំវិញរថយន្តដែលទទួលបានពីការផ្សាយបន្តផ្ទាល់ពីខាងក្រោយរថយន្ត ហើយវានឹងផ្តល់សញ្ញាព្រមានដល់អ្នកបើកបរ ប្រសិនមានឧបសគ្គណាមួយ។

ខណៈពេលដែលក្រុមហ៊ុន Pearl កំពុងអភិវឌ្ឍផលិតផលថ្មីជាច្រើនផ្សេងទៀត បច្ចុប្បន្ននេះមានតែផលិតផលប្រព័ន្ធកាមេរ៉ា RearVision តែមួយគត់ដែលបានដាក់លក់។ ឧបករណ៍ RearVision មានតម្លៃចាប់ពី ៤៩៩ ដុល្លារ ថ្លៃជាងគេ បើប្រៀបជាមួយប្រព័ន្ធកាមេរ៉ាផ្សេងទៀតប្រភេទអីចឹងដែរ មាននៅលើទីផ្សារ។ ទោះជាយ៉ាងណា ប្រព័ន្ធកាមេរ៉ាផ្សេងៗនោះ អាចប្រើប្រាស់បានសម្រាប់តែរថយន្តជម្រើសមួយចំនួនប៉ុណ្ណោះ ខណៈដែរ RearVision របស់ក្រុមហ៊ុន Pearl វិញអាចធ្វើការបានជាមួយរថយន្តគ្រប់ប្រភេទ ដោយមិនគិតពីរចនាបថ និងម៉ូដែលរថយន្តឡើយ៕

ប្រភពព័ត៌មាន៖ Business Insider

មតិយោបល់