ក្រុមហ៊ុន Samsung នឹងបើកបង្ហាញជំនាន់ថ្មីនៃកំពូលស្មាតហ្វូនរបស់ខ្លួន ដែលនោះគឺ Galaxy S8 នៅថ្ងៃស្អែកនេះហើយ ក្នុងព្រឹត្តិការណ៍មួយ នាទីក្រុងញូយ៉ក ហើយខាងក្រោមនេះ គឺជាព័ត៌មានដ៏ច្បាស់ការ ដែលបានបែកធ្លាយកន្លងមក ស្តីពីលក្ខណៈសម្បត្តិសំខាន់ៗរបស់ទូរសព្ទដៃទំនើបស៊េរីថ្មីនេះ។
ដូច្នេះ សូមប្រិយមិត្តរង់ចាំផ្ទៀងមើលជាមួយ Post Tech ទាំងអស់គ្នា ថាតើវាពិតជាមានលក្ខណៈសម្បត្តិដូច្នោះមែនដែរ ឬក៏យ៉ាងណា?

១- Galaxy S8 នឹងបំពាក់អេក្រង់ទំហំ ៥.៨ អ៊ីញ ធំជាងអេក្រង់ Galaxy S7 ម៉ូឌែលបច្ចុប្បន្ន ០.៧ អ៊ីញ
២- Galaxy S8 Plus នឹងបំពាក់អេក្រង់ទំហំ ៦.២ អ៊ីញ ហើយវាក៏ធំជាងអេក្រង់ Galaxy S7 Edge ម៉ូឌែលបច្ចុប្បន្ន ០.៧ អ៊ីញផងដែរ
៣- ខ្នាតបញ្ចាំងរូបភាពលើអេក្រង់ត្រូវបានបង្កើនរហូតដល់ ២៩៦០ x ២៤០០ ភិចសែល (WQHD+)
៤- ទាំងពីរម៉ូឌែល នឹងបំពាក់អេក្រង់កោងប្រភេទ OLED ជាលើកដំបូង
៥- ប៊ូតុង Home នឹងត្រូវបានដកចេញ
៦- នឹងបំពាក់អង្គញាណសម្រាប់ថតសម្គាល់ផ្ទៃមុខនៅខាងលើអេក្រង់ ក្បែរកាមេរ៉ាមុខ
៧- នៅផ្នែកខាងក្រោយនៃម៉ូឌែលនីមួយៗ នឹងមានកាមេរ៉ានៅចំកណ្តាល អមដោយពិល Flash មួយនៅខាងឆ្វេង និងបន្ទះស្គេនក្រយៅដៃនៅខាងស្តាំ ព្រមជាមួយអង្គញាណសម្រាប់វាស់ចង្វាក់បេះដូងមួយ
៨- នឹងមាន ៧ ពណ៌: មាស ប្រាក់ ខ្មៅរលោង ខ្មៅគ្រើម ខៀវ ស្វាយ ផ្ទៃមេឃ និងឈូក
៩- ម៉ូឌែលទាំងពីរ នឹងបំពាក់កាមេរ៉ាមុខទំហំ ៨ មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ ១២ មេហ្គាភិចសែល
១០- កាមេរ៉ាក្រោយនឹងបង្កប់ភ្នែកកាមេរ៉ាភ្លោះនៅខាងក្នុង ដែលវាជាការចនាថ្មី ប្រើប្រាស់បច្ចេកវិទ្យា ISP របស់ Samsung
១១- ប្រើប្រាស់ខ្សែ USB Type-C ជំនាន់ ៣.១ ជំនួសខ្សែ USB ប្រភេទ Micro សម្រាប់ទាំងពីរម៉ូឌែល
១២- នឹងមានបន្ថែមមុខងារ PC Mode ដែលវានឹងបើកដំណើរការឡើងនៅពេលទូរសព្ទភ្ជាប់ជាមួយរន្ធដោតពិសេសមួយ និងភ្ជាប់ជាមួយអេក្រង់កុំព្យូទ័រ ឬទូរទស្សន៍
១៣- ម៉ូឌែលផលិតសម្រាប់លក់នៅអាមេរិក ជប៉ុន និងចិន នឹងប្រើប្រាស់បន្ទះឈីប Snapdragon 835 របស់ក្រុមហ៊ុន Qualcomm ចំណែកម៉ូឌែលលក់នៅតំបន់អឺរ៉ុប និងអាស៊ី នឹងប្រើប្រាស់បន្ទះឈីប Exynos 8895 របស់ក្រុមហ៊ុនផ្ទាល់
១៤- Galaxy S8 និង S8 Plus សម្រាប់ដាក់លក់នៅចិន និងកូរ៉េ នឹងបំពាក់ RAM ទំហំ ៦ ជីហ្គាបៃយ៍ ប៉ុន្តែ ម៉ូឌែលផលិតសម្រាប់លក់នៅប្រទេសដទៃផ្សេងទៀត នឹងបំពាក់ RAM ទំហំ ៤ ជីហ្គាបៃយ៍។
១៥- ទាំងពីរម៉ូឌែល នឹងចេញលក់នៅលើទីផ្សារ នៅថ្ងៃទី ២១ មេសា បន្ទាប់ពីថ្ងៃប្រកាសចេញបីសប្តាហ៍។
សូមបញ្ជាក់ថា ប្រិយមិត្តអាចទាញយកកម្មវិធីសម្រាប់ទស្សនាការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍បើកបង្ហាញនេះតាមតំណភ្ជាប់នេះ (iPhone/ iPad, Android)៕
មតិយោបល់