ព័ត៌មានបច្ចេកវិទ្យា

Samsung ប្រកាសលទ្ធផលស៊ើបអង្កេតមូលហេតុផ្ទុះឆេះ Galaxy Note 7 ក្នុងខែនេះ

យោងតាមកាសែត JoongAng Ilbo ក្រុមហ៊ុន Samsung នឹងប្រកាសលទ្ធផលស៊ើបអង្កេតផ្លូវការនានា ស្តីអំពី ថាតើអ្វីទៅជាមូលហេតុពិតប្រាកដនៃការផ្ទុះឆេះកំពូលស្មាតហ្វូន Galaxy Note 7 របស់ខ្លួន។
ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីល្បាញរបស់កូរ៉ែខាងត្បូងនេះ បានប្រកាសចេញ Galaxy Note7 នៅចុងខែសីហា ហើយមួយរយៈពេលខ្លីក្រោយមក ស្រាប់តែមានសេចក្តីរាយការណ៍ពីអ្នកប្រើប្រាស់ជាបន្តបន្ទាប់ថា ទូរស័ព្ទ Note 7 របស់ពួកគេបានផ្ទុះឆេះក្នុងពេលដែលពួកគេកំពុងដោតវាសាកថ្ម។ កាលណោះ ក្រុមហ៊ុនបានធ្វើសេចក្តីសន្និដ្ឋានបឋមអំពីមូលហេតុនៃការផ្ទុះឆេះថា បណ្តាលមកពីបញ្ហាថ្មបំពាក់លើស្មាតហ្វូនដែលបានលក់ចេញក្នុងចំនួនដ៏តិចតួចមួយ។

កន្លងមក ព័ត៌មានចចាមអារ៉ាមនានា លើកឡើងថា Samsung បានជំរុញឱ្យក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន ធ្វើយ៉ាងណាផលិតចេញ Note 7 ឱ្យទាន់កាលបរិច្ឆេទកំណត់ ដើម្បីប្រជែងជាមួយ iPhone 7 របស់ក្រុមហ៊ុន Apple ហើយថា នេះគឺជាកត្តាចម្បងមួយដែលនាំឱ្យថ្មរបស់ Note 7 មួយចំនួនងាយផ្ទុះឆេះ។
ក្នុងខែតុលា Samsung បាននិយាយថា ខ្លួនកំពុងសាកល្បងគ្រប់វិធីដើម្បីដោះស្រាយបញ្ហាកំពុងកើតមានឡើងលើកំពូលស្មាតហ្វូនរបស់ខ្លួន ប៉ុន្តែ នៅតែមិនអាចដោះស្រាយបាននៅឡើយ។ ម្លោះហើយ ទើបនៅក្នុងខែកញ្ញា ក្រុមហ៊ុនបានប្រកាសប្រមូលយក Galaxy Note 7 មកវិញ ហើយក្នុងខែតុលា ខ្លួនក៏សម្រេចផ្តាច់ការប្រើប្រាស់របស់វាជាអចិន្រ្តៃយ៍ ក្រោយពីទូរស័ព្ទដែលបានប្តូរថ្មីរួច នៅតែផ្ទុះឆេះដដែល។ ក្រោយមកទៀត ក្រុមហ៊ុនក៏ជំរុញឱ្យអតិថិជនប្រគល់ Galaxy Note ក្នុងដៃរបស់ពួកគេមកឱ្យក្រុមហ៊ុនវិញជាបន្ទាន់ផងដែរ ដើម្បីប្តូរយកម៉ូដែលថ្មីមួយជំនួសវិញ៕

ប្រភពព័ត៌មាន៖ macrumors

មតិយោបល់