ព័ត៌មានបច្ចេកវិទ្យា

Galaxy S8 និង S8+ បែកធ្លាយជាវីដេអូថតផ្ទាល់ៗលើកដំបូង

ខណ:ពិភពលោកកំពុងចោលភ្នែកមើលព្រឹត្តិការណ៍សមាជទូរសព្ទចល័ត WMC 2017 ទីដែល Samsung បានប្រកាសត្រឹមតែកាលបរិច្ឆេទចេញ Galaxy S8 និង S8+ ស្រាប់តែមានវីដេអូថ្មីមួយ ត្រូវបានទម្លាយឱ្យឃើញជាលើកដំបូង នូវរូបរាងកំពូលទូរសព្ទទាំងពីរដែលត្រៀមនឹងបង្ហាញវត្តមានឆាប់ៗខាងមុខ។

តាមរយ:វីដេអូដែលមានរយ:ពេលត្រឹមតែ ៣៤ វិនាទីនោះ គេអាចកត់សម្គាល់ឃើញយ៉ាងច្បាស់ថា ទូរសព្ទទាំងពីរ ដែលមានអេក្រង់ធំតូច លើសខ្វះគ្នាបន្តិចនោះ គ្មានប៊ូតុងចុចអ្វីឡើយ ឯផ្ទៃអេក្រង់ប៉ះរបស់វាវិញ គឺលាតសន្ធឹងស្ទើរតែគ្មានបន្សល់ទុកនូវគែមជុំវិញទៅហើយ។

ម្យ៉ាងទៀត​ បើទោះបីជាវាស្រោបសម្បកនៅខាងខ្នងក៏ដោយ ក៏គេអាចសម្គាល់ដឹងថា S8 និង S8+ ទាំងពីរម៉ូឌែល មានបំពាក់បន្ទះស្គេនក្រយៅដៃក្បែរកាមេរ៉ាក្រោយ និងបច្ចេកវិទ្យាស្កេនប្រស្រីភ្នែកក្បែរកាមេរ៉ាមុខ ដូចព័ត៌មានចចាម​អារ៉ាមដែលបានលើកឡើងចុងក្រោយនេះអីចឹង។

គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung ទើបបានដាក់កាលបរិច្ឆេទប្រកាសចេញ Galaxy S8 និង S8+ នៅថ្ងៃទី ២៩ មិនា ខាងមុខនេះ ហើយ Post Tech នឹងបន្តពាំនាំព័ត៌មានថ្មីៗចុងក្រោយជូនលោកអ្នកបន្ថែមទៀត៕

ប្រភពព័ត៌មាន: phonearena ​

 

មតិយោបល់