ព័ត៌មានបច្ចេកវិទ្យា

របាយការណ៍៖ កម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទចល័ត ៩៦% ក្នុងឆ្នាំ ២០១៦

នៅក្នុងរបាយការណ៍មួយចេញផ្សាយដោយវិទ្យាស្ថានបើកទូលាយ នាពេលថ្មីៗកន្លងទៅនេះ សម្រាប់ឆ្នាំទី ៤ នៃគម្រោងសិក្សាលើការប្រើប្រាស់ទូរស័ព្ទចល័ត និងអីុនធើណែតនៅប្រទេសកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ ២០១៦ កម្ពុជា មានប្រជាជនជាង ៩៦% ប្រើប្រាស់ទូរស័ព្ទចល័ត។

របាយការណ៍របស់អង្គការមិនស្វែងរកប្រាក់ចំណេញដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ នេះ កើតចេញពីការសិក្សា និងស្រាវជ្រាវក្នុងខែសីហា ឆ្នាំ ២០១៦ តាមរយ:ការប្រមូលទិន្នន័យបានមកពីការសម្ភាស៍ប្រជាជនអ្នកចូលរួមចំនួន ២០៦១ នាក់ ដែលមានអាយុចន្លោះពី ១៥ ទៅ ៦៥ ឆ្នាំ នៅជុំវិញប្រទេសកម្ពុជា ហើយលទ្ធផលបង្ហាញថា ជាង ៩៦% នៃប្រជាជនកម្ពុជា មានទូរស័ព្ទចល័តប្រើប្រាស់ក្នុងដៃ។ ក្នុងនោះ ៤៨% ត្រូវបានរកឃើញថា មានយ៉ោងហោចណាស់ស្មាតហ្វូនមួយគ្រឿងសម្រាប់ប្រើប្រាស់ គឺកើន ២១% ធៀបនឹងឆ្នាំមុន ហើយប្រជាជនប្រមាណ ៤៨% និយាយថា ពួកគេប្រើប្រាស់ និងបានប្រើប្រាស់ Facebook គឺកើន ៣៩% ធៀបនឹងឆ្នាំ ២០១៥ និង ១០៦% ធៀបនឹងឆ្នាំ ២០១៤ ហើយ ២០០% ធៀបនឹងឆ្នាំ ២០១៣។

របាយការណ៍ដដែលបានបង្ហាញផងដែរថា ប្រជាជនកម្ពុជា ជាង ៣៧% មានអាយុចាប់ពី ១៥ ទៅ ៦៥ ឆ្នាំ អះអាងថា ប្រើប្រាស់អីុនធើណែត ឬបានប្រើប្រាស់វានៅពេលខ្លះ គឺកើន ១៥% ធៀបនឹងឆ្នាំ ២០១៥ និង ៧២% ធៀបនឹងឆ្នាំ ២០១៤ ហើយ ៨២% ធៀបនឹងឆ្នាំ ២០១៣។
ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តមានភ្ជាប់អិុនធើណែត ត្រូវបានរកឃើញថា កើនឡើងគួរឱ្យកត់សម្គាល់ ក្នុងកម្រិតសិក្សាអប់រំ គឺចាប់ពីអ្នកដែលគ្មានសាលាកើនដល់ ១៦% រហូតដល់អ្នកដែលឋិតក្នុងសាលាថ្នាក់ឧត្តម្ភ និងក្រោយឧត្តម្ភកើនដល់ ៩០%។

របាយការណ៍ក៏បានបង្ហាញលទ្ធផលគួរឱ្យភ្ញាក់ផ្អើលបំផុតមួយគឺ ជិត ១/៣ នៃប្រជាជនកម្ពុជាសព្វថ្ងៃ ប្រើប្រាស់អិុនធើណែតដើម្បីអាន និងសរសេរ ដែលទាំងនេះ គឺជាសកម្មភាពដែលធ្លាប់តែធ្វើឡើងក្នុងថ្នាក់រៀន និងការិយាល័យប៉ុណ្ណោះ។ ការសរសេរ និងអាននេះហើយ ដែលអនុញ្ញាតឱ្យពួកគេអាចទទួលបានព័ត៌មានកាន់តែច្រើន ហើយអាចពង្រីកជំនាញទំនាក់ទំនង និងបង្កើនកម្រិតនៃការចូលរួមក្នុងសង្គមរបស់ពួកគេកាន់តែល្អប្រសើរផងដែរ៕

ប្រភព័ត៌មាន៖ open.org.kh

មតិយោបល់