ព័ត៌មានបច្ចេកវិទ្យា

Mark Zuckerberg ឡើងតុលាការថ្ងៃស្អែក ពាក់ព័ន្ធបណ្តឹងលួចចម្លងបច្ចេកវិជ្ជាតម្លៃ ២$ ពាន់លាន

នាយកប្រតិបត្តិក្រុមហ៊ុន​ Facebook លោក Mark Zuckerberg នឹងត្រូវឡើងតុលាការនៅថ្ងៃអង្គារ៍ស្អែកនេះ ដើម្បីចូលខ្លួនផ្តល់សក្ខីកម្ម ទាក់ទងនឹងបណ្តឹងផ្លូវច្បាប់ដ៏ចម្រូងចម្រាស់មួយ ពីក្រុមហ៊ុន ZeniMax ​ដោយចោទថា ក្រុមហ៊ុន Oculus VR ដែលក្រុមហ៊ុន Facebook បានទិញយកជាមួយទឹកប្រាក់ ២ ពាន់លានដុល្លារនោះ បានលួចចម្លងបច្ចេកវិជ្ជារបស់ខ្លួន។

សំណុំក្តីក្តាំងដែលមានអាយុកាលជាងពីរឆ្នាំរបស់ក្រុមហ៊ុនផលិតហ្គេម Zenimax ប្រឆាំងនឹងក្រុមហ៊ុន Facebook នេះ បានឈានដល់ការកាត់សេចក្តីជាសាធារណៈដោយតុលាការទីក្រុង Dallas ចាប់ពីថ្ងៃទី ៩ មករា។ ក្រុមហ៊ុន Zenimax ប្តឹងទារសំណងលើថ្លៃខូចខាតចំនួន ២ ពាន់លានដុល្លារ ពីក្រុមហ៊ុន Facebook គឺស្មើនឹងចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់អាមេរិកយកទៅទិញក្រុមហ៊ុន Oculus ក្នុងឆ្នាំ ២០១៤។

ក្រុមអ្នកតំណាងមកពីក្រុមហ៊ុន Facebook និង Zenimax បានប្រាប់ Business Insider ឱ្យដឹងថា Zuckerberg នឹងឡើងផ្តល់សក្ខីកម្មនៅឯតុលាការ នៅថ្ងៃអង្គារ៍នេះ ហើយ សហស្ថាបនិកក្រុមហ៊ុន Oculus គឺលោក Palmer Luckey នឹងឡើងផ្តល់សក្ខីកម្មបន្ទាប់ ក្នុងសប្តារ៍ដដែលនេះ។

គួរបញ្ចាក់ថា ក្រុមហ៊ុន Zenimax បានប្តឹងចោទក្រុមហ៊ុន Facebook ថា បានទិញក្រុមហ៊ុន Oculus ទាំងដឹងច្បាស់ថា កម្មសិទ្ធិបញ្ញាស្នូលរបស់ក្រុមហ៊ុននេះមួយចំនួន ទាំងផ្នែក Hardware និង Software សម្រាប់ប្រើប្រាស់លើវ៉ែនតាប្រចក្សនិម្មិត Oculus VR ត្រូវបានលួចចម្លងពីក្រុមហ៊ុន Zenimax ដោយបុគ្គលិកជំនាញម្នាក់ឈ្មោះ Jonh Carmack ដែលបានចាកចេញពីក្រុមហ៊ុនរបស់ខ្លួន ទៅធ្វើការឱ្យក្រុមហ៊ុន Oculus ក្នុងឆ្នាំ ២០១៣៕

ប្រភពព័ត៌មាន៖ pressfrom

មតិយោបល់