ព័ត៌មានបច្ចេកវិទ្យា

Porsche Panamera 4 E-Hybrid ស៊េរីឆ្នាំ ២០១៨ រាងតូចច្រឡឹង ឃើញភ្លាមក៏លង់ភ្លែត

រថយន្តលំដាប់ប្រណិត Porsche Panamera 4 ស៊េរីឆ្នាំ ២០១៨ មួយម៉ូឌែលនេះ ត្រូវបានរចនាឡើងជាមួយរូបរាងតូចច្រលឹង និងរក្សាបាននូវរចនាបថរថយន្តស្ព័របួនកៅអីរបស់ក្រុមហ៊ុន Porsche ដដែល ប៉ុន្តែ ត្រូវបានកែលំអរផ្នែកមួយចំនួន ដូចជាចង្កៀតមុខ និងស្តុបខាងក្រោយ ឱ្យកាន់តែប្រណិត បន្ថែមពីលើការបំពាក់បច្ចេកវិទ្យា​ E-Hybrid ដែលអាចជួយសន្សំសំចៃប្រេងសាំង និងបង្កើនថាមពលឱ្យកាន់តែខ្លាំង។

រថយន្ត Panamera 4 E-Hybrid ស៊េរីឆ្នាំ ២០១៨ ដើរដោយម៉ាស៊ីន Turbo ភ្លោះ V-6 ចំណុះ ២.៩​ លីត្រ ផ្គុំជាមួយម៉ូទ័រអគ្គីសនី ដែលសរុប វាអាចផ្តល់ថាមពលបានរហូតដល់ ៤៧២ សេះ និងកម្លាំងបង្វិលជុំ ៥១៦ ញ៉ូតុនម៉ែត្រ សម្រាប់បញ្ជូនទៅឱ្យកង់ទាំងបួនរបស់វា ហើយក្នុងនោះ ម៉ូទ័រអគ្គីសនីចូលរួមផ្តល់ថាមពលបាន ១៣៦ សេះ ជាមួយកម្លាំងរង្វិលជុំ ២៩៥ ញ៉ូតុនម៉ែត្រ។

រថយន្តបំពាក់ម៉ាស៊ីនប្រេងសាំង និងអគ្គីសនីស៊េរីថ្មីនេះ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ដោយប្រើថេរវេលាត្រឹមតែ ៤.៤ វិនាទីប៉ុណ្ណោះ ពោល គឺវាមានកម្លាំងស្ទុះជាងស៊េរី Panamera 4 ធម្មតាប្រមាណ ០.៦ វិនាទី និងអាចបង្កើនល្បឿនអតិបរមារហូតដល់ ២៧៨ គីឡូម៉ែត្រ/ម៉ោង។

ផ្ទៃខាងក្នុង ត្រូវបានរចនាឡើងយ៉ាងល្អវិចិត្រ ធំទូលាយល្មមសម្រាប់មនុស្ស ៤ នាក់ និងបំពាក់ជាមួយបរិក្ខារទំនើបៗ ដូចជា ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនង PCM របស់ Porsche ដែលមានភ្ជាប់មុខងារចង្អុលបង្ហាញផ្លូវតាមប្រព័ន្ធអនឡាញ មុខងារតភ្ជាប់បន្ថែមជាមួយកម្មវិធី Apple Car Play ប្រព័ន្ធតភ្ជាប់ឥតខ្សែ និងប្រព័ន្ធបញ្ជាស្វ័យប្រវត្តិជាដើម។

នៅចាំកណ្តាលតាប្ល៊ូរបស់រថយន្ត មានបំពាក់អេក្រង់ប្រភេទប៉ះបញ្ជាមួយ មានទំហំធំល្មម ដែលអាចផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងបញ្ជាលើប្រព័ន្ធផ្សេងៗរបស់រថយន្ត។

រថយន្ត Porsche Panamera 4 E-Hybrid នឹងប្រកាសចេញនៅពាក់កណ្តាលឆ្នាំ ២០១៧ នេះ នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃចាប់ពី 99,៦០០ ដុល្លារ៕

 ប្រភពព័ត៌មានៈ caranddriver

មតិយោបល់