រដ្ឋអាជ្ញាប្រទេសកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទនេះ បានចេញដីការចាប់ខ្លួនអគ្គនាយករងក្រុមហ៊ុន Samsung ក្នុងសំណុំរឿងពុករលួយមួយពាក់ព័ន្ធទៅនឹងរឿងអាស្រូវនយោបាយរបស់លោកស្រីប្រធានាធិបតីរបស់ប្រទេស Park Geun-hye។
ក្រុមអ្នកស៉ើបអង្កេត បានចោទប្រកាន់ប្រមុខដឹកនាំក្រុមហ៊ុនដ៏មានអំណាច និងទ្រព្យសម្បត្តិបំផុតនៅក្នុងប្រទេសថា បានដឹកនាំមូលនិធិក្រុមហ៊ុនដោយមិនត្រឹមត្រូវ សម្រាប់ផ្តល់ទៅឱ្យជំនួយការសម្ងាត់របស់លោកស្រី Park Geun-hye ជាថ្នូរនឹងការប្រើឥទ្ធិពលរបស់ប្រធានាធិបតី ដើម្បីពង្រឹងការគ្រប់គ្រងលើក្រុមហ៊ុនយក្សរបស់ខ្លួន។
ក្រុមរដ្ឋអាជ្ញានិយាយថា លោក Lee Jae-yong ដែលត្រូវជាចៅប្រុសរបស់អតីតស្ថានិកក្រុមហ៊ុន Samsung រូបនេះ បាននាំយកលុយមូលនិធិ ១៧ លានដុល្លារ ទៅឱ្យមិត្តភក្តិរបស់លោកស្រី Park ឈ្មោះ Choi Soon-sil ដើម្បីទទួលបានមកវិញនូវការគាំទ្ររបស់រដ្ឋាភិបាលក្នុងការច្របាច់បញ្ចូលគ្នាដ៏ចម្រូងចម្រាសមួយនៅក្នុងឆ្នាំ ២០១៥ រវាងក្រុមហ៊ុន Samsung និងក្រុមហ៊ុនឧស្សាហកម្ម Cheil។
ប្រសិនបើតុលាការរកឃើញមានភស្តុតាងដាក់ពិរុទ្ធដល់អគ្គនាយករងរូបនេះមែននោះ វានឹងក្លាយជាការដាក់ទោសផ្នែកព្រហ្មទណ្ឌចុងក្រោយបង្អស់ពាក់ព័ន្ធនឹងរឿងអាស្រូវនៃការរំលោភបំពានអំណាចរដ្ឋ ដែលបានចាប់អង្រួនប្រព័ន្ធនយោបាយរបស់ប្រទេសកូរ៉េខាងត្បូង និងដែលនាំឱ្យមានការចុះតវ៉ាតាមដងផ្លូវជាប្រវត្តិសាស្រ្តក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕
ប្រភពព័ត៌មាន៖ latimes
មតិយោបល់