ព័ត៌មានបច្ចេកវិទ្យា

វិធីសាស្រ្តខ្លី តែអាចបង្កើនទំហំផ្ទុកបានច្រើននៅលើ Windows 10

ខណៈពេលដែលអង្គផ្ទុកទិន្នន័យកំពុងតែផលិតឡើងឲ្យកាន់តែមានទំហំធំទៅៗ ចំណែក​ឯតម្លៃកាន់តែថោកទៅៗ រីឯពួកយើងក៏នៅតែបន្តប្រើប្រាស់អង្គផ្ទុកទិន្នន័យកាន់តែច្រើនទៅៗដូចគ្នាផងដែរ។ បញ្ហានេះកើតមានឡើង សម្រាប់អ្នកដែលកំពុងប្រើប្រាស់កុំព្យូទ័រ ដែលមានទំហំផ្ទុកតូច ឬប្រភេទ SSD ( Solid-State drive ) ដែលវាមិនអាចផ្តល់នូវទំហំផ្ទុកធំគ្រប់គ្រាន់ ដូចទៅនឹងអង្គផ្ទុកទិន្នន័យជំនាន់មុនប្រភេទ SATAIDE បានឡើយ។

ប្រសិនបើអ្នកចាប់ផ្តើមគិតថា ការប្រើប្រាស់ទំហំផ្ទុកកាន់តែខើចទៅៗ វិធីសាស្រ្តដំបូងរបស់អ្នកគួរតែមិនមែនជាការទិញអង្គផ្ទុកទិន្នន័យបន្ថែមនោះទេ។ ជំនួសមកវិញ អ្នកគួរតែធ្វើការវិភាគ នឹងលុបចោលនូវរាល់ទិន្នន័យដែលឥតបានការចេញពីប្រព័ន្ធប្រតិបត្តិការ Windows។

Post Tech សូមបង្ហាញជូននូវវិធីសាស្រ្តខ្លីៗ ដែលអាចទាញយកទំហំផ្ទុកបន្ថែមមកវិញលើកុំព្យូទ័រ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10៖

វិធីលុបឯកសារ ( Files ) ដែលឥតបានការចោល

១ – ចុច Windows Key + I នៅលើក្តាចុច (Keyboard) ដើម្បីបើកកម្មវិធី Settings ឬចុចលើប៊ូតុង Start រួចជ្រើសយកប៊ូតុង Settings ដែលមានរូបតាងដុំច្រវាក់

២ – ចុចលើពាក្យ ​System

៣ – ចុចលើពាក្យ Storage

៤ – ជ្រើសរើស Drive ដែលអ្នកចង់ធ្វើការពិនិត្យទៅលើ ( ចំណាំ៖ This PC drive គឺជាទីតាំងចម្បងរបស់កុំព្យូទ័រ ដែលជាកន្លែងដំឡើង Windows 10 នៅលើវា )

៥ – ចុចលើឈ្មោះប្រភេទឯកសារណាមួយ ដើម្បីចូលមើលព័ត៌មានបន្ថែម

៦ – ចុចលើប៊ូតុង View ដើម្បីចូលទៅកាន់ទីតាំងឯកសារមួយនោះ រួចសម្រេចចិត្តលុបឯកសារណាដែលឥតបានការចោល ដោយខ្លួនឯង

៧ – ត្រឡប់មកកាន់ផ្ទាំង Storage usage វិញរួចជ្រើសយកពាក្យថា Temporary files នៅត្រង់ផ្ទាំងមួយនេះ Windows 10 នឹងដាក់បង្ហាញឯកសារបណ្តោះអាសន្ត ដែលអ្នកប្រហែលជាចង់លុបវាចោល មានដូចជា Temporary files, Download folder និង Recycle bin បន្ទាប់មក ចុចលើឈ្មោះឯកសារណាមួយ ក្នុងចំណោមឈ្មោះឯកសារទាំងបីនេះ បន្ទាប់មកទៀតចុចលើប៊ូតុង Remove files

៨ – ត្រឡប់មកកាន់ផ្ទាំង Storage usage វិញ រួចជ្រើសយកពាក្យថា Other នៅត្រង់ផ្ទាំងមួយនេះ Windows 10 នឹងដាក់បង្ហាញឯកសារណាដែលមិនត្រូវបានប្រើប្រាស់លើប្រព័ន្ធ ឬឯកសារដែលឈប់ប្រើ។

៩ – ចុចលើឈ្មោះឯកសារណាមួយដែលអ្នកគិតថា វាបានប្រើប្រាស់ទំហំផ្ទុកច្រើន ភ្លាមនោះផ្ទាំងថ្មីនឹងបង្ហាញចេញមកនៃទីតាំងឯកសារនោះ រួចអ្នកអាចលុបប្រអប់ឯកសារ ( Folder ) នោះចោលតែម្តង ឬចូលមើលក្នុងប្រអប់ឯកសារនោះសិន ចាំលុបទាំងអស់តាមក្រោយ។

មតិយោបល់