បោះជំហានក្លាយជាតារាចម្រៀងតាមក្លិប និងរង្គសាលប្រមាណ៧ឆ្នាំ គេកត់សម្គាល់ថាតារាចម្រៀងដែលមានប្រវត្តិតស៊ូ និងផ្សងព្រេង លោកដួង ផាន់ណា ទទួលបានជោគជ័យយ៉ាងខ្លាំង ទាំងឱកាសចេញច្រៀងនៅក្រៅប្រទេស និងការវិវត្តន៍ខ្លួនក្លាយជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មមួយច្បាស់លាស់ ដោយមិនស្ថិតក្នុងភាពតែលតោល។ បើទោះជាផលិតកម្មដែលលោកជ្រកកោណត្រូវគេដឹងថាមិនសូវល្បី តែបទចម្រៀងថ្មីៗរបស់លោកបានក្លាយជាបទមានការគាំទ្រ គ្រប់ពេលចេញបង្ហោះ ជាពិសេសបទ«បើឈឺយ៉ាងនេះ បងសុខចិត្តដើរចេញ»ដែលជាបទ Original Song ទើបនឹងចេញក្ដៅៗ។
តារាចម្រៀងផាន់ណា បានអះអាងថានេះជាបទមួយថ្មី ដែលលោកបានបញ្ចេញMV ផ្លូវការកាលពី២ថ្ងៃមុន បន្ទាប់ពីបានចំណាយទុនពាក់កណ្ដាលម្នាក់ ជាមួយម្ចាស់ផលិតកម្ម I-Record ដែលលោកជ្រកកោណផលិតអោយមានគុណភាព។ លោកថាផលិតកម្មមិនតម្រូវអោយលោកចំណាយលុយនោះទេ ប៉ុន្តែបណ្ដាលមកពីលោកចង់បានសាច់រឿងល្អ ហើយចង់អោយបទចម្រៀងដែលលោកបកស្រាយ មានគុណភាពគ្រប់គ្រាន់ ទើបលោកសម្រេចចិត្តចំណាយទុនផ្ទាល់ខ្លួន ក្នុងការផលិតបទចម្រៀង។ លោកថាបទល្អលុះត្រាតែមានសាច់រឿងល្អ ទើបលោកយល់ថាការចំណាយថវិកា ពាក់កណ្ដាលជាមួយផលិតកម្មដើម្បីផលិតឡើង នូវបទដែលលោកពេញចិត្ត មិនមែនជារឿងអាក្រក់មើល។ លោកថាសប្បាយចិត្តបន្ទាប់ពីបទOriginal «បើឈឺយ៉ាងនេះ បងសុខចិត្តដើរចេញ»ទទួលបានការចាប់អារម្មណ៍ក្រោយការបង្ហោះឡើង ដែលធ្វើអោយលោកកាន់តែមានកម្លាំងចិត្តផលិតបទនិពន្ធថ្មីបន្ថែមទៀតប្រជែងទីផ្សារ។ យ៉ាងណាមិញ លោកថាបទនេះនៅតែចាញ់សន្ទុះបើធៀបនឹងបទ«គ្មានដុល្លារ! ស្ដីអូន»ដែលជាបទរបស់លោកដូចគ្នានោះទេ ដោយសារតែបទមួយនោះជាបទយកតាមលំនាំបទជំនាន់ដើមមែន តែទទួលបានការគាំទ្រខ្លាំងក្លាដោយគ្រប់ពេលលោកចេញទៅច្រៀងនៅតាមជនបទ ឬតាមខេត្តម្ដងៗ គឺយុវវ័យភាគច្រើនចេះច្រៀងបទនោះ។
លោកដួង ផាន់ណា និយាយថានៅក្នុងផលិតកម្ម I-Record មានបទដែលលោកបកស្រាយផ្ទុះច្រើនគួរសមដូចជាបទ«គេក្រុងយើងស្រែ» បទ«ស្នេហ៍តែម្ខាង» និងបទ«គ្មានដុល្លារស្ដីអូន»ជាដើម។ ប៉ុន្តែលោកនៅតែចាត់ទុកថាសន្ទុះគាំទ្រ ចំពោះបទ«បើឈឺយ៉ាងនេះ បងសុខចិត្តដើរចេញ» ធ្វើអោយលោកសប្បាយចិត្តច្រើនជាង ដោយសារតែនោះជាបទនិពន្ធថ្មី ហើយជាបទភ្លេចនិពន្ធថ្មី មិនចម្លងគេ ដែលបង្ហាញពីអត្តសញ្ញាណស្នាដៃរបស់លោក។ តារាដែលមានស្រុកកំណើតខេត្តក្រចេះស្រុកឆ្លូងរូបនេះបន្តថា បទOriginal របស់លោកទទួលបានការពេញនិយមច្រើនឡើងធ្វើអោយលោកមើលឃើញពីមោទនភាព ហើយលោកក៏នឹងបន្តផលិតបទថ្មីៗ ប្រភេទនេះដើម្បីមានបទមិនចម្លងឡើងឆាក និងសម្រាប់ច្រៀងក្នុងផាប់ដែលលោកបកស្រាយចម្រៀងរាល់យប់នោះផងដែរ ដើម្បីពង្រីកសក្កានុពលវិស័យចម្រៀងរបស់ខ្លួន។ លោកថាខ្លួនធ្លាប់បានចេញទៅជប៉ុន២លើកហើយ ហើយបើមានឱកាសចេញទៅសម្ដែងអាម៉េរិក នៅអំឡុងចូលឆ្នាំខ្មែរខាងមុខដូចការគ្រោងទុក នោះលោកនឹងយកOriginal Song របស់ខ្លួនទៅបង្អួតទីផ្សារក្រៅប្រទេស ដើម្បីអោយជនបរទេស ដឹងថាវិស័យចម្រៀងរបស់ខ្លួន កាន់តែមានការរីកចំរើន ដោយមិនច្រៀងតែបទចម្លងដូចមុន។
ខាងក្រោមនេះជាបទ «បើឈឺយ៉ាងនេះបងសុខចិត្តដើរចេញ» ដែលជាបទOriginal Song របស់លោកដែលត្រូវបានគេកត់សម្គាល់ថា ទទួលបានការពេញនិយម ក្រោយការចេញបង្ហោះ៖
https://www.youtube.com/watch?v=AEmhlrrtuvQ&feature=youtu.be
មតិយោបល់