ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន​ Samsung ចេញកំណែ Android 7.0 ថ្មីសម្រាប់ Galaxy ស៊េរី S7 ហើយ!

ក្រុមហ៊ុន​ Samsung បានប្រកាសថា ខ្លួនបាននិងកំពុងដាក់ចេញនូវកំណែប្រព័ន្ធប្រតិបត្តិការ Android 7.0 ជំនាន់ចុងក្រោយ សម្រាប់ទូរស័ព្ទដៃ Galaxy S7 និង S7 Edge ជាបណ្តើរៗហើយ គឺគិតចាប់ពីថ្ងៃទី ១៧ មករា មក។

ទោះយ៉ាងណា ក្រុមហ៊ុនមិនបានប្រកាសថា ខ្លួនកំពុងបើកឱ្យអតិថិជនទាញយកកំណែផ្លូវការថ្មីនេះ នៅក្នុងប្រទេសណាខ្លះឱ្យជាក់ច្បាស់នោះទេ។ ប៉ុន្តែ បើតាមកម្មវិធីកំណែសាកល្បងដែលបានដាក់ចេញក្នុងខែវិច្ឆិកា វាប្រហែលជាកំពុងត្រូវបានដាក់ចេញនៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កូរ៉េខាងត្បូង មុនដំបូងគេ។

ប្រព័ន្ធប្រតិបត្តិការ Android Nougat ពាំនាំមកជាមួយមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្លាស់ប្តូរលក្ខណៈប្រើប្រាស់របស់ប្រព័ន្ធកម្មវិធីទូរស័ព្ទរបស់ខ្លួនបានយ៉ាងសម្បូរបែប និងតាមចិត្តចង់ រាប់បញ្ចូលទាំងផ្ទាំងផ្តល់ដំណឹងថ្មី ផ្ទាំងរំលេចព័ត៌មា​នជាប់លើអេក្រង់ និងមុខងារបង្កើនល្បឿន និងរយៈពេលប្រើប្រាស់ថ្មផងដែរ៕

ប្រភពព័ត៌មាន៖ venturebeat

មតិយោបល់