ព័ត៌មានបច្ចេកវិទ្យា

Facebook គ្រោងសង់មជ្ឈមណ្ឌលទិន្នន័យទំនើបបំផុតក្នុងលោកនៅដាណឺម៉ាក

ក្រុមហ៊ុនបណ្តាញសង្គម Facebook នឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មីមួយទៀត នៅទីក្រុង Odense ប្រទេសដាណឺម៉ាក។ នេះបើតាមការថ្លែងឱ្យដឹងពីក្រុមហ៊ុនបច្ចេកវិជ្ជាដែលមានមូលដ្ឋានក្នុងរដ្ឋ California ក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយអាជ្ញាធរតំបន់។

នាយកផ្នែកប្រតិបត្តិការលើការងារនេះរបស់ក្រុមហ៊ុន Facebook គឺលោក Miall McEntegart បានថ្លែងអះអាងថា៖ «មជ្ឈមណ្ឌលទិន្នន័យទីបីរបស់ក្រុមហ៊ុនដែលមានមូលដ្ឋានតាំងនៅក្រៅទឹកដីសហរដ្ឋអាមេរិកនេះ នឹងក្លាយជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលទំនើប និងខ្លាំងបំផុតក្នុងពិភពលោក»។ វានឹងស្ថាបនាឡើងនៅឯជាយនៃទីក្រុងធំបំផុតទីបីរបស់ប្រទេសដាណឺម៉ាក លើផ្ទៃដីប្រមាណ ៥០០ ម៉ែត្រក្រឡា ហើយនឹងប្រើប្រាស់ថាមពលកកើតឡើងវិញទាំងស្រុង។ លោក McEntegart បន្ថែម។

នាយកផ្នែកប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យរូបនេះ បានប្រាប់កាសែត Eyens ថា ការចំណាយទៅការមជ្ឈមណ្ឌលថ្មី គឺនឹងអស់ប្រហែលជាង ១០០ លានដុល្លារ ហើយនៅពេលចាប់ផ្តើមប្រតិបត្តិការ ដែលបើតាមការរំពឹងទុករបស់ក្រុមហ៊ុន គឺនៅឆ្នាំ ២០២០ វានឹងស្រូបទាញកម្លាំងពលកម្មក្នុងស្រុកចំនួន ១៥០ នាក់៕

ប្រភពព័ត៌មាន៖ reuters

មតិយោបល់