មកទល់ពេលនេះ នៅលើ Play Store បានកើនចំនួនកម្មវិធីរហូតទៅដល់ជិត ១.៥ លាន ដែលលោកអ្នកអាចជ្រើសរើសសម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ដូចជា Samsung, LG, Huawei, HTC ជាដើម។ល។ ប៉ុន្តែ ការស្វែងរកកម្មវិធីដែលគួរឱ្យចាប់អារម្មណ៍ និងអាចផ្តល់នូវបទពិសោធថ្មីក្នុងការប្រើប្រាស់ គឺពិតជារឿងពិបាក។ ម្លោះហើយ Post Tech សូមលើកយកកម្មវិធីល្អបំផុតចំនួន ៥ ដែលលោកអ្នកអាចទាញយកបានដោយសេរី និងឥតគិតថ្លៃ មកបង្ហាញជូនដូចតទៅ៖
1- Trusted Contacts
កម្មវិធីឥតគិតថ្លៃមួយនេះ អនុញ្ញាតឱ្យអ្នក និងក្រុមគ្រួសាររក្សាទំនាក់ទំនងរវាងគ្នាបានគ្រប់ពេល តាមរយៈការដឹងពីទីតាំងដែលផងខ្លួនកំពុងឋិតនៅ ហើយវាមានប្រយោជន៍ក្នុងគ្រាមានអាសន្ន។ Trusted Contacts នឹងផ្ញើព័ត៌មានទីតាំងដែលអ្នក និងក្រុមគ្រួសារកំពុងឋិតនៅឱ្យគ្នាទៅវិញទៅមកដោយស្វ័យប្រវត្តិក្រោយរយៈពេល ៥ នាទី។
ចុចត្រង់នេះដើម្បីទាញយក
2- PhotoScan
នេះគឺជាកម្មវិធីពី Google មួយផ្សេងទៀតដែលទើបបានដាក់ឱ្យទាញយកដោយសេរី។ វាមានមុខងារប្រើភ្ជាប់ជាមួយសេវាកម្ម Google Photos សម្រាប់ថតរូបចាស់ៗដែលលោកអ្នកបានផ្តិតចេញជាសន្លឹកៗរួច បង្កើតជារូបថតឌីជីថល ដោយប្រើត្រឹមតែស្មាតហ្វូនមួយមុខគត់។
ចុចត្រង់នេះដើម្បីទាញយក
3- Energy Bar
កម្រិតថាមពលថ្ម គឺជាអ្វីដែលអ្នកទាំងអស់គ្នាតែងយកចិត្តទុកដាក់តាមដានមើល ប៉ុន្តែ វាអាចបង្ហាញឱ្យឃើញត្រឹមតែភាគរយប៉ុណ្ណោះ។ ទោះយ៉ាងណា ប្រសិនបើអ្នកចង់ឃើញវាជាប់ជានិច្ចដោយគ្រាន់តែក្រឡេកភ្នែកមួយខ្វាច់នោះ Energy Bar ពិតជាអាចជួយលោកអ្នកបាន។ កម្មវិធីនេះ ប្រើប្រាស់មុខងារ Accessibility របស់ប្រព័ន្ធ Android ដើម្បីដាក់របារឆ្នូតតូចមួយឱ្យតាំងនៅខាងលើអេក្រង់ទូរស័ព្ទ សម្រាប់បង្ហាញកម្រិតថាមពលថ្មឱ្យលោកអ្នកឃើញគ្រប់ពេល។
ចុចត្រង់នេះដើម្បីទាញយក
4- Contextual App Folder (C.A.F)
នៅលើស្មាតហ្វូនរបស់អ្នក ប្រហែលជាមានកម្មវិធីរាប់សិបហើយ ប៉ុន្តែ អ្នកប្រាកដជាមិនប្រើពួកគេវាទាំងអស់ក្នុងពេលតែមួយនោះទេ ហើយកម្មវិធីដែលអ្នកត្រូវការប្រើ គឺប្រហែលជាផ្លាស់ប្តូរអាស្រ័យតាមទីកន្លែង និងពេលវេលា។ ឧទាហរណ៍ នៅកន្លែងខ្លះ ឬពេលខ្លះអ្នកត្រូវការប្រើកម្មវិធីផ្ញើសារ បណ្តាញសង្គម កម្មវិធីហ្គេម ឬចាក់ចម្រៀងជាដើម។ល។ ពោលគឺ អ្នកត្រូវការប្រើកម្មវិធីខុសៗគ្នា ទៅតាមពេលវេលាខុសៗគ្នា។ Contextual App Folder នឹងជួយអ្នករៀបចំកម្មវិធីទាំងនោះឱ្យមានសណ្ដាប់ធ្នាប់ល្អ និងងាយស្រួលបើកប្រើ តាមរយៈការចាត់វាចូលតាមប្រភេទ ហើយបង្ហាញឡើងជាជួរៗតាមប្រភេទរបស់វា។
ចុចត្រង់នេះដើម្បីទាញយក
៥- Frame
ប្រមូលផ្តុំដោយផ្ទាំងរូបភាពស្រស់ស្អាត ល្អឥតខ្ជោះ និងក្នុងកម្រិតគុណភាពខ្ពស់ជាច្រើនសម្រាប់លោកអ្នកជ្រើសរើសយកទៅតាំងលំអរផ្ទៃអេក្រង់ទូរស័ព្ទ។ មិនតែប៉ុណ្ណោះ វាថែមទាំងអនុញ្ញាតឱ្យលោកអ្នកផ្លាស់ប្តូរផ្ទាំងរូបភាពខុសៗតាមថ្ងៃនីមួយៗផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះ គឺវាជាកម្មវិធីឥតគិតថ្លៃ និងអាចប្រើប្រាស់បានដោយសេរី ១០០% តែម្តង៕
ចុចត្រង់នេះដើម្បីទាញយក
មតិយោបល់